ព័ត៌មានអន្តរជាតិ

វៀតណាម៖ ខ្សែកាបសម្រាប់ភ្ជាប់កាមេរ៉ា នៅក្រោមស្ពានក្នុងទីក្រុង ហូជីមិញ ត្រូវចោរលួចកាត់ អស់ ៦.០០០ម៉ែត្រ

VN Express

បរទេស៖ ខ្សែកាបជាង ៦.០០០ម៉ែត្រ ដែលភ្ជាប់កាមេរ៉ាឃ្លាំមើល ដែលដាក់នៅក្រោមស្ពាន ក្នុងទីក្រុងហូជីមិញ ត្រូវបានចោរលួច ដែលបណ្តាល ឱ្យមានការខាតបង់ជាប្រាក់ ចំនួន ៣០០ លានដុង ស្មើនឹងប្រហែល ១២.១៥០ ដុល្លារអាមេរិក និងប៉ះពាល់ដល់ចរាចរណ៍ផ្លូវទឹក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចោរហាក់ដូចជាចូលចិត្តខ្សែភ្លើង ខ្សែស្ពាន់ និងខ្សែសំណាញ់ប្លាស្ទិក HDPE , នេះបើយោងតាមឯកសារដែលផ្ញើ ដោយមជ្ឈមណ្ឌលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ផ្លូវគោក ទៅកាន់អង្គភាពនានាដូចជា រដ្ឋបាលក្រុង Thu Duc និង Binh Chanh និង Can Gio ។ កាមេរ៉ាត្រូវបានដំឡើងនៅក្រោមស្ពាន គឺដើម្បីតាមដានចរាចរណ៍ផ្លូវទឹក ។

ខ្សែស្ពាន់ទទេប្រវែង ៣.៧០០ ម៉ែត្រ, ខ្សែភ្លើង DSTS ប្រវែង ១.៦០០ ម៉ែត្រ និងខ្សែកាបប្រភេទ Duplex CV ប្រវែង ៨៨០ ម៉ែត្រ ត្រូវបានបាត់បង់។

ខ្សែកាបត្រូវបានគេបិទកាវ ដើម្បីការពារចោរកម្ម ប៉ុន្តែវាមិនបានរារាំងចោរឡើយ ។ ជាមួយនឹងកាមេរ៉ា ដែលរងផលប៉ះពាល់ដោយការលួចនោះ បទប្បញ្ញត្តិ នៃចរាចរណ៍ទូក និងការស៊ើបអង្កេតការបុកគ្នា ជាមួយទូកផ្សេងទៀត និងបង្គោលស្ពានត្រូវបានប៉ះពាល់។

ស្ពានជាច្រើនដែលមានអំពើចោរកម្ម កើតឡើងគឺនៅផ្លូវទឹកសំខាន់ ហើយមានចរាចរណ៍ច្រើនឆ្លង កាត់ជារៀងរាល់ថ្ងៃ៕
ប្រែសម្រួលៈ ណៃ តុលា

To Top