ព័ត៌មានអន្តរជាតិ

ប្រទេសចិន កំណត់កំណើន GDP ប្រហែល ៥ភាគរយ នៅឆ្នាំ២០២៤ ចំពេលមានវិបត្តិ អចលនទ្រព្យ

AFP

ប៉េកាំង ៖ ប្រទេសចិនបានកំណត់ខ្លួនឯង នូវគោលដៅកំណើន ផលិតផល ក្នុងស្រុក សរុបប្រហែល ៥ភាគរយ សម្រាប់ឆ្នាំ២០២៤ ក្នុងអំឡុងពេលបើក សម័យប្រជុំ ប្រចាំឆ្នាំនៃសភារបស់ខ្លួន ដោយមហាអំណាចអាស៊ី កំពុងព្យាយាមជំរុញ សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះរបស់ខ្លួនចំពេលមានវិបត្តិអចលនទ្រព្យ ដែលអូសបន្លាយយូរ។

ទីក្រុងប៉េកាំង ក៏បានប្រកាស នៅក្នុងរបាយការណ៍ ថវិកា ដែលផ្តល់នៅសម័យប្រជុំសភា ប្រជាជនជាតិថា ខ្លួននឹងបង្កើនការចំណាយយោធា របស់ខ្លួននៅឆ្នាំនេះដល់ ១,៦៧ពាន់ពាន់លានយន់ (២៣1 ពាន់លានដុល្លារ) កើនឡើង ៧,២ភាគរយធៀបនឹងឆ្នាំមុន ហើយចំនួន សរុបប្រហែល ៤,៣ដងធំជាងវិស័យការពារជាតិ របស់ប្រទេសជប៉ុន។

នៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានឲ្យដឹងថា ប្រទេសរបស់លោកនឹង “រឹងមាំក្នុងការជំរុញបុព្វហេតុ នៃការបង្រួបបង្រួម របស់ចិនឡើងវិញ” ជាមួយកោះដែលគ្រប់គ្រង ដោយខ្លួនឯងនេះ។

លោកបានលើកឡើងថា ដីគោកនឹង “ប្រឆាំងដាច់ខាត” សកម្មភាពបំបែកខ្លួន ដែលមានគោលបំណង “ឯករាជ្យភាពតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ ។

គោលដៅកំណើន សម្រាប់សេដ្ឋកិច្ចធំទីពីរ របស់ពិភពលោក គឺដូចគ្នាទៅនឹងគោលដៅ របស់ខ្លួនសម្រាប់ឆ្នាំ២០២3។ កាលពីឆ្នាំមុន GDP របស់ប្រទេសចិន បានពង្រីកពិត ប្រាកដ ៥,២ភាគរយធៀបនឹងឆ្នាំ២០២២ ដោយសារតែមួយផ្នែក ទៅនឹងកម្រិតមូលដ្ឋាន ទាបកាលពីឆ្នាំមុន ដែលបណ្តាលមកពី “កូវីដសូន្យ” ដ៏តឹងរ៉ឹងរបស់ប្រទេស និងគោលនយោបាយ ដែលពាក់ព័ន្ធនឹងការបិទទីក្រុង។

លោកបានបន្ដថា ប្រទេសចិន សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចចម្បងរបស់ខ្លួននៅឆ្នាំ២០២៣ ទោះបីជា “បរិយាកាសអន្តរជាតិស្មុគ្រស្មាញ មិនធម្មតាក៏ដោយ” ខណៈដែលគាត់បានបញ្ជូន របាយការណ៍ទិសដៅ គោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៤ ដល់ប្រតិភូជិត ៣,០០០ នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top