ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន ២២នាក់នៅតំបន់ West Bank រួមទាំងអ្នកទោសដែលត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់ ក្នុងខែវិច្ឆិកា

រូបភាពពី៖​ AFP

រ៉ាម៉ាឡា៖ កងកម្លាំងអ៊ីស្រាអែល បានឃុំខ្លួនជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២២នាក់នៅតំបន់ West Bank កាលពីថ្ងៃអង្គារ រួមទាំងអ្នកទោសប៉ាឡេស្ទីនពីរនាក់ ដែលត្រូវបានដោះលែងក្នុងអំឡុងពេលមានបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស កាលពីខែវិច្ឆិកា ឆ្នាំមុន។

ក្លឹបអ្នកទោសប៉ាឡេស្ទីន ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរ៉ាម៉ាឡា ហេប្រូន ណាបលូស ធូខាម កាល់គីលីយ៉ា និងហ្សេរីខូ។ ពួកគេត្រូវបានអមដោយ “ការធ្វើទារុណកម្ម ការវាយដំ ប្រតិបត្តិការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយនៅក្នុងផ្ទះ និងការរឹបអូសយកមូលនិធិជាដើម”។

ក្លឹបបានកំណត់អត្តសញ្ញាណ អ្នកជាប់ឃុំពីរនាក់ ដែលត្រូវបានដោះលែងក្នុងការផ្លាស់ប្តូរចំណាប់ខ្មាំង សម្រាប់អ្នកទោសក្នុងអំឡុងពេលបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែវិច្ឆិកា ឆ្នាំមុនផងដែរ។

យោងតាមប្រភពពីប៉ាឡេស្ទីន បានឱ្យដឹងថា រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែល បានចាប់ខ្លួនអ្នកទោសប៉ាឡេស្ទីនចំនួន ៩នាក់ដែលត្រូវបានដោះលែងនៅក្នុងការផ្លាស់ប្តូរចំណាប់ខ្មាំងសម្រាប់អ្នកទោសក្នុងនោះមានកុមារ ៣ នាក់ និងស្ត្រីពីរនាក់។

ក្នុងអំឡុងពេលបទឈប់បាញ់បណ្តោះអាសន្នរយៈពេលមួយសប្តាហ៍កាលពីខែវិច្ឆិកាឆ្នាំមុន ចំណាប់ខ្មាំងជនស៊ីវិលចំនួន ១០៥នាក់ត្រូវបានដោះលែងពីការជាប់ឃុំឃាំងរបស់ក្រុមហាម៉ាស ក្នុងនោះមានជនជាតិអ៊ីស្រាអែលចំនួន ៨១នាក់ ជនជាតិថៃ ២៣នាក់ និងជនជាតិហ្វីលីពីនម្នាក់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top