ព័ត៌មានអន្តរជាតិ

តួកគី ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួជាអ្នកធានា ក្នុងការដោះស្រាយជម្លោះហ្គាហ្សា

Xinhua

អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបន្ទុករបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃយន្តការធានា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានរួមមួយ ដែលមានការចូលរួមដោយ លោកប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស នៅរដ្ឋធានីអង់ការ៉ាថា “វាច្បាស់ណាស់ថាសន្តិភាព ត្រឹមត្រូវជាមួយនឹងការធានា គឺត្រូវការជាជាងការខិតខំប្រឹងប្រែង សន្តិភាពដោយពាក្យសម្ដី” ។

លោកបានបន្ថែមថា ផ្លូវតែមួយគត់ ដើម្បីសន្តិភាពយូរអង្វែង គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អធិបតេយ្យភាព និងសមាហរណកម្មភូមិសាស្រ្តមួយ នៅលើព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

លោក​បាន​បន្ត​ថា “ឥឡូវ​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ យ៉ាង​ទូលំទូលាយ​ថា លុះត្រា​តែ​មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌ ចំពោះ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នោះ​សន្តិភាព​មិន​អាច​ឈ្នះ​បាន​នៅ​មជ្ឈិមបូព៌ា​ឡើយ”។

លោកបានសន្មតថា “អាកប្បកិរិយាខូច និងគ្មានច្បាប់ទម្លាប់” របស់អ៊ីស្រាអែល ចំពោះការគាំទ្រដែលខ្លួនទទួលបាន ពីមហាអំណាចលោកខាងលិច” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ថែមទៀតថា តួកគីឈរក្នុងសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន លោកបានបន្ថែមថា រដ្ឋាភិបាលទួរគីបានទទួលអ្នកជំងឺជាង ៩០០នាក់ពីតំបន់ហ្គាហ្សាស្រ្ទីប សម្រាប់ការព្យាបាល ហើយលោក ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសរបស់លោកក្នុងការកសាង មន្ទីរពេទ្យនៅក្នុងទីវាលមួយមួយកន្លែង នៅហ្គាហ្សាផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top