នៅក្នុងរបាយការណ៍ការងារ រដ្ឋាភិបាលដែលថ្លែងដោយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនក្នុងពិធីបើកមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ បានលើកឡើងនូវចំណុចមួយថា ក្នុងឆ្នាំ ២០២៤ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយ បង្កើនការស្រូបទាញវិនិយោគទុនបរទេស ដើម្បីចែករំលែកកាលានុវត្តភាព នៃការអភិវឌ្ឍរបស់ប្រទេសចិន ។
ការលើកឡើងបែបនេះបានគូសបញ្ជាក់ សាជាថ្មីពីគោលជំហររបស់ប្រទេសចិន ក្នុងការបើកទូលាយចំពោះបរទេស និងស្វាគមន៍គ្រប់សហគ្រាសបរទេស ឱ្យបណ្តាក់ទុននៅប្រទេសចិន ។ អ្វីដែលគេឃើញជាក់នឹងភ្នែកគឺថា បន្ទាប់ពីការដាក់ចេញគោលនយោបាយ កំណែទម្រង់និងបើកទូលាយកាលពី ៤៥ ឆ្នាំមុនមក ប្រទេសចិនបានពង្រីកការ បើកទូលាយជាបន្តបន្ទាប់ ដើម្បីតភ្ជាប់ជាមួយពិភពលោក ដែលបានរួមចំណែកដ៏ធំធេង សម្រាប់ការអភិវឌ្ឍនៃពិភពលោក ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែរងសម្ពាធពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល និងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍កន្លងទៅ ក៏ដូចជាស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញក្តី ប៉ុន្តែសេដ្ឋកិច្ចជាតិចិនក្នុងឆ្នាំ ២០២៣ នៅតែដំណើរការប្រកបដោយស្ថិរភាព និងមានកំណើនផលិតផលក្នុងស្រុកសរុប ៥,២% ដែលស្ថិតនៅជួរមុខក្នុងចំណោម អង្គភាពសេដ្ឋកិច្ចធំៗរបស់ពិភពលោក ។ ទិន្នន័យមួយនេះជាការឆ្លើយតប យ៉ាងខ្លាំងក្លាចំពោះការលើកឡើង របស់បស្ចិមប្រទេសមួយចំនួន ស្តីពីអ្វីដែលហៅថា «ទ្រឹស្តីប្រទេសចិនដួលរលំ» និងការឃោសនាបំផ្លើសថា «សហគ្រាសទុនបរទេសបាននាំគ្នា ដកចេញពីប្រទេសចិនដោយសារ សេដ្ឋកិច្ចចិនយ៉ាប់យ៉ឺន» ។
តើប្រទេសចិនរឹតត្បិតចំពោះ សហគ្រាសទុនបរទេស ? បើតាមរបាយការណ៍ការងាររដ្ឋាភិបាលចិន នៅឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលចិន និងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាន និងលុបចោលទាំងស្រុងនូវវិធានការ ដាក់កំហិតចំពោះវិស័យកម្មន្តសាល ដែលវិនិយោគដោយសហគ្រាសបរទេស ក៏ដូចជាបើកទូលាយថែមទៀតនូវ ទីផ្សារសេវាកម្មដូចជាវិស័យ ទូរគមនាគមន៍និងសុខាភិបាលជាដើម ។ ក្រៅពីនេះ រដ្ឋាភិបាលចិននឹងផ្តល់ភាព អនុគ្រោះចំពោះសហគ្រាសទុនបរទេស ឱ្យដូចជាសហគ្រាសចិន និងធានាពីសមភាពនៃការចូលរួម សកម្មភាពលទ្ធកម្មរបស់រដ្ឋាភិបាល និងការដេញថ្លៃគម្រោងជាដើម ពិសេសនឹងបង្កើនការផ្តល់សេវាធានា ចំពោះសហគ្រាសទុនបរទេស ដើម្បីបង្កើតជាផលិតផល «វិនិយោគទុននៅប្រទេសចិន» ។
ទាំងនេះសបង្ហាញថា ប្រទេសចិនមិនត្រឹមតែមិនបាន ដាក់កំហិតចំពោះសហគ្រាសបរទេស ដែលវិនិយោគនៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកែសម្រួលគោលនយោបាយ និងច្បាប់វិនិយោគជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួល និងភាពកក់ក្តៅសម្រាប់សហគ្រាសបរទេស ។ ទីផ្សារដ៏មានសក្តានុពលរបស់ចិន បានក្លាយជាវេទិកាអភិវឌ្ឍន៍របស់ សហគ្រាសបរទេសធំៗលំដាប់អន្តរជាតិ និងសហគ្រាសគ្រប់ធុន ដោយសហគ្រាសទាំងនេះអាចប្រកប អាជីវកម្មដោយសេរី និងស្មើភាពនៅប្រទេសចិនដែល បានទទួលផលចំណេញរៀងៗខ្លួន ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺថាក្នុងរបាយការណ៍ការងារ រដ្ឋាភិបាលដែលដាក់ជូនមហាសន្និបាត នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំនេះចែងថា ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍ «កម្លាំងផលិតកម្មគុណភាពថ្មី» ពោលគឺយកការច្នៃប្រឌិតថ្មីមកជំរុញកម្លាំង ផលិតកម្មប្រកបដោយគុណភាព ដែលមានលក្ខណៈខុសគ្នា ពីកម្លាំងផលិតកម្មប្រពៃណី ។ «កម្លាំងផលិតកម្មគុណភាពថ្មី» ជាកម្លាំងផលិតកម្មទំនើប ដែលប្រកបដោយលក្ខណៈបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលនឹងនាំមកនូវការបដិវត្តថ្មី លើវិស័យផលិតកម្មរបស់ប្រទេសចិន ហើយក៏នឹងមានឥទ្ធិពល ចំពោះវិស័យផលិតកម្មនៃពិភពលោកផងដែរ ។
ការកែទម្រង់វិស័យផលិតកម្ម នឹងបន្ថែមកម្លាំងចលករថ្មីដល់ សហគ្រាសផលិតកម្មរបស់ប្រទេសចិន និងជាកម្លាំងស្រូបទាញចំពោះ សហគ្រាសបរទេសដែលមានជំនាញ ផ្នែកផលិតកម្មទំនើបឱ្យចូលរួមជាមួយ សហគ្រាសចិនដើម្បីប្រកួតប្រជែង ក្នុងទីផ្សារចិននិងអន្តរជាតិ ដែលជាការរួមចំណែកដល់ ការធ្វើបរិវត្តកម្មវិស័យផលិតកម្ម ដែលជាទិសដៅអភិវឌ្ឍន៍នាពេលអនាគត ។
«ទ្វារបើកទូលាយរបស់ប្រទេសចិន នឹងមិនបិទជារៀងរហូត ហើយកាន់តែបើកកាន់តែធំ» , «ប្រទេសចិនរីករាយក្នុងការចែករំលែក កាលានុវត្តភាពនៃការអភិវឌ្ឍ របស់ខ្លួនជាមួយពិភពលោកទាំងមូល» ទាំងនេះជាការប្រកាសដ៏ឱឡារិក របស់ថ្នាក់ដឹកនាំចិន ដែលបង្ហាញពីគោលជំហរ និងឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសនានា ដើម្បីទទួលបានផលប្រយោជន៍រួម ការអភិវឌ្ឍរួមនិងវិបុលភាពរួមនៅទីបំផុត ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន