ព័ត៌មានអន្តរជាតិ

អត្ថាធិប្បាយ ៖ ការអភិវឌ្ឍកម្លាំង ផលិតថ្មី ប្រកបដោយគុណភាព របស់ចិន នឹងផ្តល់នូវកម្លាំងជំរុញថ្មី ដល់កំណើន សេដ្ឋកិច្ចតំបន់ និងពិភពលោក

ក្នុងរបាយការណ៍ការងារ របស់រដ្ឋាភិបាលចិន ថ្លែងដោយ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិន បានដាក់ចេញ នូវការងារអាទិភាពសំខាន់ៗមួយ ចំនួនសម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះរួមមានការខិតខំ ធ្វើទំនើបកម្មប្រព័ន្ធឧស្សាហកម្ម និងការអភិវឌ្ឍ “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” ក្នុងល្បឿនដ៏លឿនជាងមុន ។

តើអ្វីទៅជា “កម្លាំងផលិតថ្មីប្រកបដោយគុណភាព”? គោលគំនិតនេះត្រូវបានប្រើប្រាស់ជាលើកដំបូង ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងឱកាសដំណើរទស្សនកិច្ចត្រួតពិនិត្យ និងស្រាវជ្រាវ ទៅកាន់ខេត្តហឺឡុងជាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០២៣ ហើយត្រូវបានរំលេចសាជាថ្មីម្តងទៀត ក្នុងសន្និសីទការងារ សេដ្ឋកិច្ចមជ្ឈិម កាលពីខែធ្នូ ឆ្នាំ២០២៣ និងបានក្លាយជាគោលគំនិត ដែលទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់នាសម័យប្រជុំមហាសន្និបាតទាំងពីរ ដែលបាន និងកំពុងរៀបចំ នៅទីក្រុងប៉េកាំង នៅថ្ងៃទី៤-១១ ខែមីនា ឆ្នាំ២០២៤ ។

តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “កម្លាំងផលិតថ្មី ប្រកបដោយគុណភាព” សំដៅទៅលើផលិតភាពកម្រិតខ្ពស់ ដែលងាកចេញពីគំរូកំណើន សេដ្ឋកិច្ចបែបប្រពៃណី ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ ដែលផ្អែកលើបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និង គុណភាពខ្ពស់ ។ ដើម្បីអភិវឌ្ឍកម្លាំងផលិតថ្មី ប្រកបដោយគុណភាព រដ្ឋាភិបាលចិន ចាំបាច់ត្រូវបន្តខិតខំជំរុញ របកគំហើញថ្មីជាបន្តបន្ទាប់ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញការអភិវឌ្ឍ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប ។ ដូចមានគូសបញ្ជាក់ ក្នុងរបាយការណ៍ការងារ របស់រដ្ឋាភិបាលឆ្នាំ២០២៤ ប្រទេសចិនបានប្តេជ្ញា (១) ធ្វើឱ្យប្រសើរឡើង នូវច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម (២) អភិវឌ្ឍយ៉ាងសកម្ម នូវឧស្សាហកម្មផ្តោតលើអនាគត និងឧស្សាហកម្មដែលកំពុងតែរីកចម្រើន និង (៣) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ នៃសេដ្ឋកិច្ចឌីជីថល ដើម្បីធានាឱ្យបាន នូវកំណើនសេដ្ឋកិច្ចចិន លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេច ឱ្យបាន នូវទំនើបកម្ម របស់ចិនលើគ្រប់វិស័យ ។

ការផ្តោតលើការអភិវឌ្ឍ កម្លាំងផលិតថ្មី ប្រកបដោយគុណភាពរបស់ចិន បានឆ្លុះបញ្ចាំង ឱ្យឃើញយ៉ាងច្បាស់អំពីភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម ស៊ី ជីនពីង ក្នុងការដឹកនាំប្រទេសចិនឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចថ្មី ដែលផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ជាលទ្ធផល ទោះបីជាប្រទេសចិនជួបប្រទះនឹងបញ្ហាប្រឈមក្នុងស្រុក និងសកលមួយចំនួនក្តី សេដ្ឋកិច្ចចិននៅតែអាចសម្រេច បានកំណើន ៥,២% ក្នុងឆ្នាំ២០២៣ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងកំណើនយឺត។ នេះបានបង្ហាញយ៉ាងជាក់ច្បាស់អំពីភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចចិន ។
ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការអភិវឌ្ឍកម្លាំងផលិតថ្មី ប្រកបដោយគុណភាព នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក តាមរយៈការផ្តល់ឱ្យបណ្តាប្រទេសនានាលើពិភពលោក នូវលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យបច្ចេកវិទ្យា រួមមានបច្ចេកវិទ្យា ៥ជី បញ្ញាសិប្បនិម្មិត ឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចឌីជីថលជាដើម ។

ការធ្វើកិច្ច សហប្រតិបត្តិការអន្តរជាតិ របស់ចិនលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នឹង ជួយលើកកម្ពស់ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍ ជំនាញបច្ចេកវិទ្យា នៅតាមបណ្តាប្រទេសនានា ។ តួយ៉ាង ប្រទេសចិន បានបង្កើតភាពជាដៃគូផ្នែកវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង ១៦០ ទូទាំងពិភពលោក ក្នុងវិស័យថាមពលស្អាត បញ្ញាសិប្បនិម្មិត និងជីវវេជ្ជសាស្ត្រ ដើម្បីជំរុញនវានុវត្តន៍បន្ថែមទៀត និងបង្កើនល្បឿន នៃការអភិវឌ្ឍកម្លាំងផលិតថ្មី ប្រកបដោយគុណភាព ។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើការផ្ទេរ បច្ចេកវិទ្យាក្នុងវិស័យខាងលើ នឹងប្រាកដជារួមចំណែកដល់ការបង្កើនសមត្ថភាពកម្លាំងពលកម្ម លើកកម្ពស់នវានុវត្តន៍/កំណើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក ។

សម្រាប់កម្ពុជា វឌ្ឍនភាពលើ វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍របស់ចិន គឺជាឱកាសសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចឌីជីថល របស់ខ្លួនប្រកប ដោយបរិយាប័ន ភាពធន់ និង ការប្រកួតប្រជែង ។ ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅប្រទេសចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា និងចិនបានចុះ MOU ស្តីពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការតភ្ជាប់ឌីជីថល ធនធានមនុស្ស និងអក្ខរកម្មឌីជីថល រំហូរទិន្នន័យឆ្លងកាត់ព្រំដែន ថ្នាល និងសេវាកម្មឌីជីថល សំដៅឆ្ពោះទៅបរិវត្តកម្មឌីជីថល ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការធ្វើបវិវត្តកម្មឌីជីថល ក្នុងឧស្សាហកម្មប្រពៃណី ការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការបង្កើតថ្នាលថ្នាក់តំបន់ ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចឌីជីថល ការកសាងទីក្រុងឆ្លាតវៃ និង សួនឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល សម្រាប់ការបង្ហាញជាដើម ។ អត្ថប្រយោជន៍ទាំងនេះនឹងរួមចំណែក យ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារថ្មីៗ ដល់ប្រជាពលរដ្ឋ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
សរុបមកវិញ នាពេលអនាគត ប្រទេសចិនពិតជាមានសក្តានុពលធំធេង និងការប្រកួតប្រជែងខ្ពស់ ក្នុងការអភិវឌ្ឍកម្លាំង ផលិតថ្មីប្រកបដោយគុណភាព ដែលនឹងមិនត្រឹមតែក្លាយទៅជាកាតា លីករសម្រាប់កំណើនសេដ្ឋកិច្ចចិននោះទេ តែថែមទាំងបង្កើតកម្លាំងជំរុញថ្មី ដល់កំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោកផងដែរ ៕

To Top