ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ថ្កោលទោសអាមេរិក ចំពោះការបន្តដាក់ទណ្ឌកម្ម

Xinhua

ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសរដ្ឋាភិបាល សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ សម្រាប់ការរក្សាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេតវិមាន “បានជ្រើសរើសបន្តអនុវត្តអំពើ ភេរវកម្មសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈវិធានការជាង ៩៣០ ប្រឆាំងនឹងប្រទេសរបស់យើង” ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីបន្តបទបញ្ជាប្រតិបត្តិលេខ ១៣៦៩២ ដែលត្រូវបានចេញនៅក្នុងឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងប្រកាសភាពអាសន្នជាតិទាក់ទងនឹង ស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា” សម្រាប់រយៈពេលមួយឆ្នាំទៀត ដោយថា វេណេស៊ុយអេឡានៅតែបន្ត បង្កការ​គំរាម​កំហែង​មិន​ធម្មតា និង​កាន់តែខ្លាំង ចំពោះ​សហរដ្ឋ​អាមេរិក​”។

សេចក្តីថ្លែងការណ៍របស់វេណេស៊ុយអេឡា បានឲ្យដឹងថា បទបញ្ជាប្រតិបត្តិនេះត្រូវបានគេប្រើប្រាស់ ដើម្បី “បង្ហាញពីភាពត្រឹមត្រូវនៃយុទ្ធនាការ ប្រកបដោយនិរន្តរភាពនៃការឈ្លានពាន ប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា ដោយរំលោភលើគ្រប់បទដ្ឋាននៃច្បាប់អន្តរជាតិ ដែលបង្កើតជាករណីនៃការដាក់ទណ្ឌកម្មរួម”។

សេចក្តីសម្រេចនេះគឺ “មិនចាំបាច់ មិនសមហេតុសមផល និងអរិភាព” ហើយបង្ហាញថា សហរដ្ឋអាមេរិក “មិនមានសមត្ថភាពក្នុងការរៀបចំ គោលនយោបាយការបរទេស ដែលមានភាពស៊ីសង្វាក់គ្នា ដែលមិនផ្អែកលើការបង្ខិតបង្ខំ ការជំរិត ឬការមិនគោរព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top