ព័ត៌មានអន្តរជាតិ

Update៖ វិមានក្រឹមឡាំង លើកឡើងថា មេដឹកនាំលោកខាងលិច កំពុង “ប្រលែងជាមួយភ្លើង”

Xinhua

ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃពុធថា មេដឹកនាំលោកខាងលិចកំពុង “ប្រលែងជាមួយភ្លើង” ដោយបានពិភាក្សាអំពីលទ្ធភាព នៃការបញ្ជូនកងទ័ពអឺរ៉ុប ទៅកាន់ប្រទេសអ៊ុយក្រែន ។

លោក Peskov បានថ្លែងដូច្នេះនៅខាងក្រៅមហោ ស្រពយុវជនពិភពលោកដោយបានអះអាង អំពីមេដឹកនាំលោកខាងលិចដែលបាន ពិភាក្សាគ្នាអំពីគំនិតបែបនេះថា “ប្រធានាធិបតីបារាំង កំពុងពិភាក្សាអំពីគំនិតនៃ ការបញ្ជូនក្រុមបរទេស ហើយពួកគេទាំងអស់កំពុងប្រលែងជាមួយភ្លើង” ។

លោកបានព្រមានថា អ្វីៗទាំងអស់នេះ គឺ “នាំឲ្យស្ថានការណ៍កាន់តែ យ៉ាប់យ៉ឺនថែមទៀត” ។

លោកបានកត់សម្គាល់ថា “នេះគឺជាអាកប្បកិរិយាមិនទទួលខុសត្រូវ បំផុតសម្រាប់អ្នកនយោបាយ” លោកបានកត់សម្គាល់ឡើងវិញថា ប្រទេសរុស្ស៊ី នឹងបន្តធ្វើការឆ្ពោះទៅរកការសម្រេច បាននូវគោលដៅរបស់ខ្លួន ហើយថា ប្រទេសនេះនៅតែបើកចំហក្នុងការ សម្រេចបាននូវគោលដៅទាំងនេះ តាមរយៈមធ្យោបាយនយោបាយ និងការទូត ។

គួររំលឹកថា កាលពីខែមុន លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា លទ្ធភាពនៃការបញ្ជូនទាហានបរទេសទៅកាន់អ៊ុយក្រែន កំពុងត្រូវបានពិភាក្សាក្នុងអំឡុងពេល សន្និសីទនៅទីក្រុងប៉ារីស ។ លោកបានថ្លែងថា ខណៈដែលមិនមានការឯកភាព ជាផ្លូវការក្នុងចំណោមមេដឹកនាំអឺរ៉ុប ការរំពឹងទុក “មិនគួរត្រូវបានគេច្រានចោលឡើយ” ។ លោកក៏បានលើកឡើងដែរថា ក្រុមចម្រុះថ្មីនឹងត្រូវបានបង្កើតឡើង ដើម្បីផ្គត់ផ្គង់ក្រុងកៀវនូវអាវុធរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top