ព័ត៌មានអន្តរជាតិ

Update៖ សមាជិកនាវិកហ្វីលីពីន ២នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយសារការវាយប្រហារ ដោយមីស៊ីលរបស់ក្រុមឧទ្ទាមហួធី មកលើកប៉ាល់ ១គ្រឿងនៅឈូងសមុទ្រ អាដែន

Photo: US Central Command

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកនាវិកហ្វីលីពីន ២នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល ដែលបានបាញ់ដោយក្រុមឧទ្ទាម ហួធី (Houthi) នៅក្នុងប្រទេសយ៉េមែនមកលើកប៉ាល់ ១គ្រឿងនៅឈូងសមុទ្រ អាដែន ។

អ្នកដែលត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារកាលពីថ្ងៃពុធ ហាក់ដូចជាការស្លាប់កាលពីដំបូង ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុម ហួធី មកលើកប៉ាល់ពាណិជ្ជករដែលឆ្លងកាត់ ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់។

ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយនឹងភាពសោកសៅជាខ្លាំង នាយកដ្ឋានពលករចំណាកស្រុក បញ្ជាក់ពីការស្លាប់របស់អ្នកធ្វើដំណើរ តាមសមុទ្រហ្វីលីពីន២នាក់ នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះ ដោយក្រុមឧទ្ទាម ហួធី មកលើកប៉ាល់ដែលបើកបរនៅលើសមុទ្រក្រហម និងឈូងសមុទ្រ អាដែន“ ។

ទីភ្នាក់ងារបានបញ្ជាក់ថា “យើងក៏ត្រូវបានជូនដំណឹងផងដែរថា នាវិកហ្វីលីពីន២នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុង ការវាយប្រហារមកលើកប៉ាល់របស់ពួកគេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top