ហ្គាហ្សា៖ កងពលតូច Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា បទឈប់បាញ់ និងការដកកងកម្លាំងអ៊ីស្រាអែល ចេញពីហ្គាហ្សា គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសណាមួយ។
អ្នកនាំពាក្យរបស់កងពលតូច Abu Ubaydah បានសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងមិនមានការសម្របសម្រួលណា មួយលើការទាមទារទាំងនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Ubaydah បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា “បោកបញ្ឆោត” នៅក្នុងដំណើរការចរចាដែលលោកបានពិពណ៌នាថាត្រូវបានសម្គាល់ដោយ “ភាពច្របូកច្របល់ និងភាពវង្វេងស្មារតី” ។
លោក Ubaydah ក៏បានគូសបញ្ជាក់ពីស្ថានភាពរបស់អ្នកស្រុកហ្គាហ្សា ជាពិសេសកុមារដែលទទួលរងពីកង្វះអាហារូបត្ថម្ភ ដោយបន្ថែមថាចំណាប់ខ្មាំងដែលក្រុមហាម៉ាស ចាប់បានក៏រងផលប៉ះពាល់ដោយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា