ព័ត៌មានអន្តរជាតិ

ថៃ ចាប់ខ្លួនពាណិជ្ជករ ជនជាតិចិនម្នាក់ ពីបទនាំចូលសំណល់ អេឡិកត្រូនិក៥០តោន ពីចិនចូលប្រទេសថៃ

បរទេស៖ ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន និងរឹបអូសបានកាកសំណល់អេឡិចត្រូនិចចំនួន ៥០ តោន អំឡុងពេលប៉ូលីសឆ្មក់ចូល រោងចក្រមួយនៅស្រុក បានប៊ុង នៃខេត្ត ឈុន បុរី កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសមកពីនាយកដ្ឋានប្រឆាំង បទល្មើសធនធានធម្មជាតិ និងបរិស្ថាន (NED) បានចុះត្រួតពិនិត្យរោងចក្រកាកសំណល់អេឡិចត្រូនិកនៅឃុំខ្លងគីវ នៃស្រុកបានប៊ុង ហើយបានចាប់ខ្លួនជនជាតិចិនអាយុ ៥១ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍, នេះបើតាមលោកវីរៈសេនីយ៍ វិនយូ ជាមសៃ ប្រធានផ្នែករង 2 NED បាននិយាយកាលពីថ្ងៃសុក្រ។ លោកបានកំណត់អត្តសញ្ញាណបុរសជនជាតិចិន តែម្នាក់ឈ្មោះ យ៉ា ប៉េង។

បំណែកគ្រឿងអេឡិចត្រូនិក និងអគ្គិសនីប្រមាណ ៥០តោន ដែលគេចោទថា រត់ពន្ធពីប្រទេសចិន គឺត្រូវបានរឹបអូស។

ប្រតិបត្តិការរបស់សមត្ថកិច្ចបានធ្វើ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា រោងចក្របានបញ្ចេញទឹកសំណល់ ចូលស្រះក្នុងសហគមន៍របស់ពួកគេ បណ្ដាលឲ្យមានក្លិនស្អុយ។ លោកវីរៈសេនីយ៍ វិនយូ ជាមសៃ បាននិយាយថា ដើមបណ្តឹងក៏បានអះអាងដែរថា ម្ចាស់រោងចក្រនេះបានពង្រីករោងចក្រ និងប្រមូលគំនរសំរាមដ៏គ្រោះថ្នាក់ជាច្រើន ដែលបង្កផលប៉ះពាល់ដល់ពួកគេ។

ក្នុងពេលសាកសួរ លោក យ៉ា ប៉េង បានបដិសេធការចោទប្រកាន់នេះ ។ ក្រុមចាប់ខ្លួនបានចោទប្រកាន់ គាត់ពីបទកាន់កាប់នូវសារធាតុគ្រោះថ្នាក់ ដោយគ្មានការអនុញ្ញាត និងបំពានបទបញ្ជារបស់មន្ត្រីមូលដ្ឋាន។ ក្រោយមក ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស Khong Kiew ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top