ហ្សាការតា ៖ មន្ត្រីម្នាក់បានឲ្យដឹង កាលពីល្ងាចថ្ងៃសៅរ៍ថា យន្តហោះដឹកទំនិញធុនតូចចំនួន១គ្រឿងបានធ្លាក់ក្នុងព្រៃជ្រៅមួយនៅក្នុងខេត្ត Kalimantan ស្ថិតនៅខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ។
លោក Agus Basori អ្នកនាំពាក្យការិយាល័យ ស្វែងរក និងជួយសង្គ្រោះជាតិ បានលើកឡើងថា បំណែកយន្តហោះ ដែលបានបាត់ការទាក់ទង កាលពីថ្ងៃសុក្រ ខណៈដែលកំពុងហោះហើរពីលើខេត្ត នៅកណ្តាលប្រទេសឥណ្ឌូនេស៊ី ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ ។
គាត់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “ទីតាំងនៃបំណែកយន្តហោះ ត្រូវបានរកឃើញត្រូវបានគេដឹង ហើយជំហានបន្ទាប់គឺការជម្លៀសមនុស្ស” ។ “ក្រុមជួយសង្គ្រោះ នឹងធ្វើដំណើរទៅកាន់ទីតាំងនោះ” ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះមិនអាច ធានាបានពីស្ថានភាពអ្នកបើកយន្តហោះ និងវិស្វករនៅលើយន្តហោះនោះទេ ។
យោងតាមការិយាល័យខាងលើបានឱ្យដឹងថា យន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋានក្នុងទីប្រជុំជន Tarakan នៃខេត្ត ហើយត្រូវបានគេសន្មត់ថា នឹងចុះចតនៅតំបន់ Nunukan ក្នុងខេត្តខាងលើ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា