ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង ៣១,០០០ នាក់ហើយ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៥នាក់ និងរងរបួសចំនួន ១៣០ នាក់ទៀតនៅក្នុងតំបន់ផ្សេងៗនៃតំបន់ឆ្នេរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,០៤៥នាក់ និងរបួសដល់ទៅ ៧២,៦៥៤នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែ ស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុក ទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុក របស់ក្រុមនេះឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងជាង ២៤០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា
