ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ឆ្លើយតបនឹង គំនិតផ្តួចផ្តើម របស់ចិន ស្តីពីនុយក្លេអ៊ែរ

បរទេស៖ ទីក្រុងមូស្គូបាន និយាយថា សំណើទាក់ទងនឹងសន្តិសុខអន្តរជាតិ គួរតែត្រូវបានពិចារណា ក្នុងបរិបទនៃការពិតពិភពលោក បន្ទាប់ពីប្រទេសចិនបានអំពាវនាវ ឱ្យប្រទេសមហាអំណាច នុយក្លេអ៊ែរធំជាងគេលើពិភពលោក ចរចាលើសន្ធិសញ្ញាថ្មីមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានប្រាប់អាជីវកម្ម ប្រចាំថ្ងៃ RBK ថាទីក្រុងមូស្គូ និងទីក្រុងប៉េកាំងចាត់ ទុកគំនិតផ្តួចផ្តើម របស់គ្នាទៅវិញទៅមក ដោយការយកចិត្តទុកដាក់ជាពិសេស និងការគោរព យ៉ាងជ្រាលជ្រៅ ដោយបន្ថែមថា ប្រទេសទាំងពីរបានប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរីកចម្រើនបន្ថែមទៀត។

ក្រសួងការបរទេសរុស្ស៊ីបានបន្តថា សំណើរបស់ចិន ចាំបាច់ត្រូវពិចារណាលើភាព ជាក់ស្តែងខាងយោធា និងនយោបាយ រួមជាមួយនឹងកត្តាផ្សេងទៀត ទាក់ទងនឹងសន្តិសុខអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រ។ ក្រសួងបានសំដៅជាពិសេស ទៅលើការចុះខ្សោយនៃទំនាក់ទំនងរវាងមហាអំណាច ‘នុយក្លេអ៊ែរទាំងប្រាំ រួមមាន អង់គ្លេស បារាំង អាមេរិក ចិន និងរុស្ស៊ី។

ទីក្រុងមូស្គូបាននិយាយថា ការកាត់បន្ថយការប្រឈមមុខ ដាក់គ្នារវាងរដ្ឋប្រដាប់អាវុធ នុយក្លេអ៊ែរដោយការលុបបំបាត់ “ភាពផ្ទុយគ្នាជាមូលដ្ឋាន ក្នុងវិស័យសន្តិសុខ” គឺជាបញ្ហានៃ “អាទិភាពដាច់ខាត” ។
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top