ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់ខ្លួនពលរដ្ឋ កូរ៉េខាងត្បូងម្នាក់ ពីបទចារកម្ម

AFP

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានឃុំខ្លួនពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ពីបទចារកម្មកាលពីដើមឆ្នាំនេះ ដែលនេះជាលើកទីមួយហើយ ដែលពលរដ្ឋកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនពីបទចារកម្មនៅក្នុងប្រទេសរុស្ស៊ី។

លោក Baek Won-soon ត្រូវបានឃុំខ្លួននៅដើមឆ្នាំ នៅទីក្រុងវ្លាឌីស្ដុក ហើយនៅចុងខែកុម្ភៈ ត្រូវបានផ្ទេរទៅទីក្រុងមូស្គូ ជាកន្លែងដែលលោកកំពុងត្រូវបានឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង Lefortovo មុនការកាត់ក្តី។ នៅថ្ងៃច័ន្ទ តុលាការ Lefortovo នៅទីក្រុងមូស្គូ បានបន្តការឃុំខ្លួន លោករយៈពេល ៣ខែ រហូតដល់ថ្ងៃទី១៥ ខែមិថុនា នេះបើយោង តាមរបាយការណ៍របស់ TASS ។

លោក Baek ត្រូវបានគេចោទ ប្រកាន់ថា បានបញ្ជូនព័ត៌មាន ដែលចាត់ថ្នាក់ថា ជាអាថ៌កំបាំង របស់រដ្ឋដល់សេវាចារកម្ម បរទេស ។ របាយការណ៍​នេះ​បាន​ឲ្យដឹងថា សម្ភារ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​លោក ត្រូវ​បាន​គេ​ដាក់​ស្លាក​ថា​ជា “ការ​សម្ងាត់​កំពូល​”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top