បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានផ្សាយថា ការផ្ទុះហ្គាសដ៏ធំដែលគេសង្ស័យថា បណ្តាលមកពីហ្គាស គឺបានសម្លាប់មនុស្សម្នាក់ និងរបួស ២២ នាក់ទៀតនៅក្នុងខេត្ត ហេប៊ី ភាគខាងជើងប្រទេសចិន នៅថ្ងៃពុធ ជាមួយនឹងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការខូចខាត យ៉ាងធ្ងន់ធ្ងរដល់អគារ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ការបំផ្ទុះបានកើតឡើងនៅមុនម៉ោង ៨ ព្រឹក នៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Sanhe ចម្ងាយតិចជាង ៥០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីប៉េកាំង។
ទូរទស្សន៍រដ្ឋ CCTV របស់ចិន ផ្សាយទៀតថា មនុស្សម្នាក់បានស្លាប់ និង ២២ នាក់ទៀតរងរបួស ដោយបន្ថែមថា ការផ្ទុះនេះត្រូវបានគេសង្ស័យថា បណ្តាលមកពីការលេចធ្លាយហ្គាស នៅហាងមាន់បំពង។
CCTV បានផ្សាយទៀតថា “ការផ្ទុះមួយបានកើតឡើងនៅភោជនីយដ្ឋាន ជាន់ផ្ទាល់ដីក្នុងតំបន់លំនៅដ្ឋានចាស់” ដោយបន្ថែមថាអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ “ស្ថានភាពបច្ចុប្បន្នទាំងអ្នកស្លាប់និងរបួស មិនត្រូវបានដឹងនៅឡើយទេ” ៕
ប្រែសម្រួលៈ ណៃ តុលា