បរទេស ៖ FBI បានចាប់ផ្តើមការស៊ើបអង្កេត បន្ទាប់ពីការផ្ទុះមួយនៅឯកន្លែងបណ្តុះបណ្តាល របស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ដែលបានធ្វើឱ្យសមាជិក ជាច្រើននាក់របស់ក្រុម SWAT នៃតម្រួត Orange County ចូលមន្ទីរពេទ្យកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីបានទទួលការ ហ្វឹកហាត់ ជាមួយក្រុមបំផ្ទុះគ្រាប់បែក របស់ស្នងការពេលមានការផ្ទុះនោះ គឺពលបាល Frank Gonzalez ប្រាប់សារព័ត៌មាន AP ថា ការផ្ទុះនេះបានកើតឡើង មុនម៉ោង១រសៀល ហើយមូលហេតុមិនទាន់ដឹងច្បាស់នោះទេ ។
យ៉ាងហោចណាស់មានមន្ត្រីចំនួន ១៦ នាក់ តម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែរបួសធ្ងន់ធ្ងរបំផុត គឺជារបួសជើង ដែលតម្រូវឱ្យវះកាត់ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ មនុស្សពីរនាក់រងរបួសស្រាល ចំណែកអ្នកផ្សេងទៀត មានសភាពវិលមុខ។
កន្លែងនេះមានទីតាំងនៅតំបន់ដាច់ស្រយាលនៃ Irvine ភាគខាងត្បូងនៃទីក្រុង Los Angeles រៀបចំការបណ្តុះបណ្តាល និងការវាយតម្លៃអាវុធ សម្រាប់ក្រុម FBI និងមន្រ្តីអនុវត្តច្បាប់ក្នុងតំបន់។ បើតាមអ្នកនាំពាក្យ FBI លោក Laura Eimiller ថា គ្មានបុគ្គលិក FBI ណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុផ្ទុះនេះទេ ៕
ប្រែសម្រួលៈ ណៃ តុលា