ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធ ដែលថា មានកិច្ចចរចាជាសម្ងាត់ ជាមួយអាមេរិក ស្តីពីស្ថានភាពនៅសមុទ្រក្រហម

Xinhua

តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ម្នាក់ បានច្រានចោលការអះអាង ដែលធ្វើឡើងដោយកាសែតអង់គ្លេសមួយ ដែលចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់ បានចូលរួមក្នុងកិច្ចពិភាក្សាសម្ងាត់ ជាមួយទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងស្ថានភាពនៅសមុទ្រក្រហម។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីមន្ត្រីអនាមិក ដែលបញ្ជាក់ថា រាល់ការប្រាស្រ័យទាក់ទងគ្នា ឬកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានបង្ខាំង ចំពោះការចរចា ស្តីពីការដកទណ្ឌកម្ម ដោយហេតុនេះច្រានចោលការអះអាង ដែលធ្វើឡើងដោយកាសែត Financial Times កាលពីថ្ងៃពុធ។

យោងតាមកាសែត Financial Times តំណាងអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោលនៅប្រទេសអូម៉ង់ ក្នុងខែមករា ក្នុងគោលបំណងបញ្ឈប់ការវាយប្រហារដោយក្រុម Houthi របស់យេម៉ែន លើនាវាដែលកំពុងធ្វើដំណើរក្នុងសមុទ្រក្រហម។

របាយការណ៍ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចពិភាក្សាទាំងនេះ ដែលត្រូវបានរាយការណ៍ថាមានការចូលរួមដោយទីប្រឹក្សាសេតវិមានលោក Brett McGurk បេសកជនពិសេសរបស់សេតវិមាន សម្រាប់អ៊ីរ៉ង់ Abram Paley និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សម្រាប់កិច្ចការនយោបាយ Ali Bagheri Kani៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top