ព័ត៌មានអន្តរជាតិ

Update: មេទ័ពជើងទឹកថៃ បញ្ជាឱ្យស៊ើបអង្កេតឧបទ្ទវហេតុ ផ្ទុះកាំភ្លើងធំលើនាវាចម្បាំងរបួសទាហាន១៤នាក់ ហើយលទ្ធផលនឹងដឹង ក្នុងពេលបីថ្ងៃ

បរទេស៖ កងទ័ពជើងទឹកថៃ បាននិយាយនៅថ្ងៃសុក្រថា ទាហាន៩នាក់នឹងត្រូវចាកចេញពីមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានទទួលរងរបួសស្រាល ពីការបាញ់ប្រហារដោយចៃដន្យ នៅឯនាវាចម្បាំងរបស់ប្រទេសពីរគ្រឿង នៅមូលដ្ឋានទ័ពជើងទឹក Sathip។

យោងតាមសារព័ត៌មាន បាងកក របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពជើងទឹកបានឱ្យដឹងថា អ្នករបួសទាំង៩នាក់ កំពុងរង់ចាំការយល់ព្រម ពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Somdech Phra Nanghcoa Sirikit ដើម្បីត្រឡប់ទៅផ្ទះវិញ។

ទន្ទឹម​នឹង​នេះ ទាហាន ៥នាក់ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់នៅ​មន្ទីរ​ពេទ្យ​នៅ​ស្រុក Sathip ខេត្ត Chon Buri។

ជនរងគ្រោះទាំងអស់ បម្រើការនៅលើ នាវាចម្បាំង HTMS Khirirat ។ ពួកគេរងគ្រោះពីការស្រូបផ្សែង នៅពេលដែលគ្រាប់ពីកាំភ្លើង ធំខាងមុខរបស់នាវាចម្បាំង HTMS Chonburi បានបាញ់ចេញដោយអចេតនា ដោយបានវាយប្រហារផ្នែកខាងក្រោយរបស់នាវាកាលពីថ្ងៃព្រហស្បតិ៍។
ឧបទ្ទវហេតុនេះបានកើតឡើង ខណៈពេលដែលនាវាចម្បាំងទាំងពីរគ្រឿង កំពុងចូលចតនៅមូលដ្ឋានទ័ពជើងទឹក Sathip ។

មេទ័ពជើងទឹកថៃ លោក​ឧត្តមសេនីយ៍ Adung Phan-iam បានចាត់តាំងឧត្តមនាវីឯក Chartchai Thongsa-ard មេបញ្ជាការកងនាវាចរថៃ ដឹកនាំការស៊ើបអង្កេត លើឧបទ្ទវហេតុនេះ ដោយលទ្ធផលត្រូវបានរំពឹង ទុកនឹងដឹងក្នុងរយៈពេលបីថ្ងៃ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top