បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានយុទ្ធនាការដ៏មានឥទ្ធិពល CIA សម្ងាត់មួយ ក្នុងគោលបំណងបំបាក់រដ្ឋាភិបាលចិន និងបង្វែរមតិសាធារណៈប្រឆាំងនឹងមេដឹកនាំរបស់ចិនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីអតីតមន្ត្រីដែលបានចំណេះដឹងអំពីប្រតិបត្តិការនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺ CIA បានបង្កើតក្រុមប្រតិបត្តិការនៅឆ្នាំ ២០១៩ ដែលបានប្រើប្រាស់អត្តសញ្ញាណអ៊ីនធឺណិតក្លែងក្លាយដើម្បីផ្សព្វផ្សាយ “ការនិទានរឿងអវិជ្ជមាន” អំពីរដ្ឋាភិបាលរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងការលេចធ្លាយ “ការបំភ្លៃការស៊ើបការណ៍សម្ងាត់” ទៅកាន់សារព័ត៌មានបរទេស។
ក្នុងចំណោមការរៀបរាប់ដែលផ្សព្វផ្សាយដោយ CIA នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន មានការចោទប្រកាន់ថា សមាជិកនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច គឺកំពុងលាក់លុយនៅបរទេស។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលរបស់ប្រទេសចិន ត្រូវបានគេដាក់ថាជា “ពុករលួយ និងខ្ជះខ្ជាយ” ផងដែរ។
មន្ត្រីអាមេរិកដែលបាននិយាយទៅកាន់ រ៉យទ័រ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ គឺមានបំណង “ធ្វើឱ្យមានការភ័យខ្លាចក្នុងចំណោមមេដឹកនាំកំពូល” និងបង្ខំឱ្យរដ្ឋាភិបាលនៅទីក្រុងប៉េកាំងចំណាយធនធានដើម្បីដេញតាមការឈ្លានពានចូលទៅក្នុងបណ្តាញអ៊ីនធឺណិតរបស់ខ្លួន។
អតីតមន្ត្រីម្នាក់បាននិយាយថា “យើងចង់ឱ្យពួកគេដេញតាមខ្មោច” ។ ប្រភពបានពណ៌នាប្រតិបត្តិការនេះថាជាការឆ្លើយតបរបស់អាមេរិកចំពោះ “កិច្ចខិតខំប្រឹងប្រែងសម្ងាត់ដ៏ឃោរឃៅជាច្រើនឆ្នាំដោយប្រទេសចិនក្នុងគោលបំណងបង្កើនឥទ្ធិពលពិភពលោករបស់ខ្លួន” ៕ ប្រែសម្រួលៈ ណៃ តុលា