ម៉ូស្គូ៖ អាជ្ញាធររៀបចំការបោះឆ្នោតរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអ៊ីនធើរណេតប្រហែល ១៦ម៉ឺនករណី មកលើធនធានបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានផ្ញើរមកពីចម្ងាយ របស់ប្រទេសត្រូវបានរារាំង ។
លោកស្រី Ella Pamfilova ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ី បានលើកឡើងថា ការវាយប្រហារត្រូវបានដឹកនាំ ជាចម្បងឆ្ពោះទៅកាន់វិបផតថលបោះឆ្នោត ដោយការវាយប្រហារចំនួន ៣០.០០០ករណី បានចាប់ផ្តើមប្រឆាំងនឹងច្រកត្រួតពិនិត្យ សម្រាប់ប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកផ្ញើរពីចម្ងាយ ។
លោកស្រី Pamfilova បានធ្វើការកត់សម្គាល់ថា សកម្មភាពវាយប្រហារតាមអ៊ីនធើរណេត បានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃសៅរ៍ គិតចាប់ពីថ្ងៃសុក្រហើយ បានបញ្ចប់ដោយការបរាជ័យ ។
លោក Vadim Kovalev ប្រធានការិយាល័យកណ្តាលសាធារណៈ សម្រាប់ការសង្កេតការបោះឆ្នោតប្រចាំ នៅទីក្រុងម៉ូស្គូបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអ៊ីនធើរណេត មកលើប្រព័ន្ធព័ត៌មានរបស់ក្រុងម៉ូស្គូ ត្រូវបានតាមដានដល់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
លោក Kovalev បានបញ្ជាក់ថា “យើងឃើញថា ភាគច្រើននៃម៉ាស៊ីនមេដែលការវាយប្រហារមកពី គឺមានទីតាំងនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស យ៉ាងហោចណាស់វា គឺជាវិធីដែលពួកគេត្រូវបានរកឃើញ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា