ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ លើដីរបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត ក្នុងតំបន់ហ្គាហ្សា ដោយថាមនុស្ស ១,២លាននាក់នៅទីនោះគ្មានកន្លែងមានសុវត្ថិភាព ដើម្បីទៅនោះទេ។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានសរសេរនៅលើ X ដែលពីមុនជាបណ្ដាញ Twitter ឲ្យដឹងថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីរបាយការណ៍ នៃផែនការរបស់អ៊ីស្រាអែល ដើម្បីបន្តការវាយលុកលើដីលើទីក្រុងរ៉ាហ្វា” ។
លោកបានបន្ថែមថា “ការកើនឡើងបន្ថែមទៀតនៃអំពើហឹង្សានៅក្នុងតំបន់ ដែលមានប្រជាជនច្រើននេះនឹងនាំឱ្យមានការស្លាប់ និងការរងទុក្ខជាច្រើន ជាពិសេសកន្លែងថែទាំសុខភាព បានគ្របដណ្ដប់រួចហើយ” ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តផែនការកាលពីថ្ងៃសុក្រសម្រាប់ការវាយប្រហារលើទីក្រុងរ៉ាហកវា ជាកន្លែងដែលជនភៀសខ្លួនប៉ាឡេស្ទីន ប្រហែល ១,៥លាននាក់កំពុងស្វែងរកទីជម្រក។
ទីភ្នាក់ងារសុខភាពពិភពលោក បានអំពាវនាវដល់អ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការយោធា ហើយផ្ទុយទៅវិញធ្វើការឆ្ពោះទៅរកសន្តិភាព “ក្នុងនាមមនុស្សជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា