ព័ត៌មានអន្តរជាតិ

កាំជ្រួច​មីស៊ីល ៣​គ្រាប់​ដែល​កូរ៉េ​ខាងជើង ​បាញ់​ធ្លាក់​នៅ​ក្រៅ​តំបន់ សេដ្ឋកិច្ចផ្ដាច់មុខរបស់​ជប៉ុន

AFP

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនបីគ្រាប់ឆ្ពោះ ទៅកាន់សមុទ្រជប៉ុននៅថ្ងៃចន្ទនេះ ដែលទំនងជាធ្លាក់នៅខាងក្រៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលជំរុញឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់។

ក្រសួងការពារជាតិបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចពីរ គ្រាប់នៅម៉ោងប្រហែល ៧ និង ៤៤នាទី ព្រឹក និងមួយគ្រាប់នៅម៉ោង ៨ និង ២១ នាទីព្រឹក ដោយមួយគ្រាប់ហោះបានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រហែល ៥០គីឡូម៉ែត្រ។  ការ​បាញ់​មី​ស៊ី​ល​ផ្លោង​ចុង​ក្រោយ​ដោយ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ។

នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសម័យប្រជុំសភា នៅពេលក្រោយនៅថ្ងៃនោះថា “ប្រទេសជប៉ុន ថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោង ចុងក្រោយបំផុត ដែលបំពានលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ។

លោក គីស៊ីដា បានលើកឡើងថា “សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃប្រទេសរបស់យើង តំបន់របស់យើង និងសហគមន៍អន្តរជាតិ ហើយពួកគេមិនអាចទទួលយកបានទាំងស្រុង” ។

លោកបន្ដថា មិនមានរបាយការណ៍អំពីការខូចខាតដល់នាវា ឬយន្តហោះរបស់ជប៉ុន បន្ទាប់ពីការបាញ់បង្ហោះនោះទេ។ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កាំជ្រួចពីរគ្រាប់ដំបូង ដែលបាញ់ចេញពីក្បែរទីក្រុងព្យុងយ៉ាង ហាក់ដូចជាមានរយៈចម្ងាយខ្លី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top