បរទេស៖ រដ្ឋសភាវៀតណាមត្រូវបានគេរំពឹងថា នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ ដើម្បីពិចារណានិងសម្រេចចិត្តលើ “ការងារបុគ្គលិក” ចំពេលមានការរំពឹងទុកអំពីការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់។
យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លិខិតចុះហត្ថលេខា ដោយអគ្គលេខាធិការរដ្ឋសភា Bui Van Cuong ផ្ញើជូនគណៈប្រតិភូរដ្ឋសភាមានខ្លឹមសារថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចកោះប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ ដើម្បីពិចារណា និងសម្រេច។ ការកំណត់ការងារបុគ្គលិកស្ថិតនៅក្រោមអំណាចរបស់រដ្ឋសភា។
ពេលវេលាក្នុងលិខិតបញ្ជាក់ថា កិច្ចប្រជុំបានចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ដោយមានកិច្ចប្រជុំថ្នាក់កណ្តាលនៅវិមានរដ្ឋសភា។
បន្ថែមលើសពីនេះ សារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រី និងអ្នកការទូតវៀតណាមមួយចំនួនដែលនិយាយថា លទ្ធភាពនៃបញ្ហាបុគ្គលិកដែលត្រូវបានពិភាក្សាដោយរដ្ឋសភាគឺជាការលាលែងពីតំណែងរបស់ប្រធានរដ្ឋ Vo Van Thuong។ យ៉ាងណាមិញ BBC មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានទេ។
ក្នុងចំណាត់ការដែលអាចទាក់ទងបាននោះ គឺ នៅថ្ងៃទី ១៤ ខែមីនា វៀតណាមបានស្នើសុំពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ស្តេចហូឡង់ Willem-Alexander និងម្ចាស់ក្សត្រី Máxima តាមការអញ្ជើញរបស់ប្រធានរដ្ឋ Vo Van Thuong ដោយហេតុផលថា “ស្ថានភាពផ្ទៃក្នុង”។
សារព័ត៌មានហូឡង់នៅពេលនោះបានធ្វើអត្ថាធិប្បាយថា “មិនមានការរំខាននាពេលថ្មីៗនេះត្រូវបានគេឃើញនៅក្នុងប្រទេសកុម្មុយនិស្តនេះទេ” ។
ស្តេច Willem-Alexander បានមានព្រះបន្ទូលកាលពីថ្ងៃទី ១៥ ខែមីនាថា ទ្រង់ “ភ្ញាក់ផ្អើលជាខ្លាំង” ហើយ “មិនបានដឹងពីមូលហេតុ” ថាហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសវៀតណាមត្រូវបានពន្យារពេលនោះទេ។
កាសែត De Telegraaf បានរាយការណ៍ថា ព្រះមហាក្សត្រហូឡង់ ក៏បានមានបន្ទូលថា យើងត្រូវរង់ចាំមើលថា តើហេតុផលអ្វីសម្រាប់ការពន្យារពេល ដំណើរទស្សនកិច្ចនេះ ប៉ុន្តែទ្រង់ “គោរព” ការសម្រេចចិត្តរបស់វៀតណាម “ពីព្រោះពួកគេអាចមានហេតុផលបន្ទាន់បំផុតនៅក្នុងប្រទេស” ៕
ប្រែសម្រួលៈ ណៃ តុលា