ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីទាំង៥រូប ដែលមានទ្រព្យសម្បត្តិ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់កំពូល របស់ប្រទេសថៃ

VN Express

បរទេស៖ មហាសេដ្ឋីទាំង ៥ នៅប្រទេសថៃ មានទ្រព្យសម្បត្តិសរុបចំនួន ៤៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនេះបានធ្លាក់ចុះ ១៦ភាគរយ ធៀបនឹងឆ្នាំមុន ។ នេះបើយោងតាមទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មហាសេដ្ឋីទាំង៥នោះ រួមមាន
ទី១. លោក Dhanin Chearavanont ប្រធានជាន់ខ្ពស់ នៃក្រុមហ៊ុនចំណីសត្វ និងបសុសត្វក្រុមហ៊ុន Charoen Pokphand Group។ លោក Dhanin Chearavanont អាយុ ៨៤ ឆ្នាំ ជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១២,៥ ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី ១៥៦ នៅទូទាំងពិភពលោក។

លោកគឺជាប្រធានក្រុមហ៊ុន Charoen Pokphand Group (CP) ដែលជាអ្នកផលិតចំណីសត្វ និងបសុសត្វដ៏ធំបំផុតមួយ របស់ពិភពលោក ។ កុ្រមហ៊ុនផលិតចំណី បង្គា សាច់ជ្រូក និងផលិតផលកសិកម្មផ្សេងៗទៀត។

ទី២. លោក Charoen Sirivadhanabhakdi ស្ថាបនិកក្រុមហ៊ុន Thai Beverage។ លោក Charoen Sirivadhanabhakdi អាយុ ៧៩ ឆ្នាំ មានទ្រព្យសម្បត្តិ ១១,៣ ពាន់លានដុល្លារ ។ លោកគ្រប់គ្រងក្រុមហ៊ុន ផលិតស្រាបៀរថៃដ៏ធំបំផុត របស់ប្រទេសថៃ ដែលផលិតស្រាបៀរ Chang ដ៏ល្បីល្បាញ។

ចក្រភពលក់រាយរបស់លោករួមមានផ្សារទំនើប Big C Supercenter ដែលបានទិញក្នុងឆ្នាំ២០១៦ ក្នុងតម្លៃជាង ៦ ពាន់លានដុល្លារ។ លោកក៏មានភាគហ៊ុននៅក្នុងភេសជ្ជៈដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមហ៊ុនអចលនទ្រព្យ Fraser & Neave ផងដែរ។ Panote កូនប្រុសរបស់ Charoen គ្រប់គ្រងក្រុមហ៊ុន One Bangkok ដែលជាការអភិវឌ្ឍន៍ចម្រុះតម្លៃ ៣,៥ ពាន់លានដុល្លារ នៅកណ្តាលទីក្រុងបាងកក។

ទី៣. លោក Sarath Ratanavadi នាយកប្រតិបត្តិ នៃក្រុមហ៊ុន Gulf Energy Development
លោក Sarath Ratanavadi អាយុ ៥៨ ឆ្នាំ មានទ្រព្យសម្បត្តិ ១០,៧ ពាន់លានដុល្លារ ។ លោកគឺជានាយកប្រតិបត្តិ នៃក្រុមហ៊ុនថាមពលយក្ស Gulf Energy Development ។ ក្រុមហ៊ុន Gulf Energy មានការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋ PTT ដើម្បីសាងសង់ស្ថានីយ និងកំពង់ផែ LNG តម្លៃ ១,៣ ពាន់លានដុល្លារនៅឆ្នេរសមុទ្រ ភាគខាងកើតរបស់ប្រទេសថៃ ។

ទី៤. លោក Sumet Chearavanont ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand Group
លោក Sumet Chearavanont អាយុ ៨៩ ឆ្នាំ មានទ្រព្យសម្បត្តិ ៥,៥ ពាន់លានដុល្លារ ។ លោកគឺជាបងប្រុស របស់មហាសេដ្ឋីថៃ Dhanin និងជាប្រធាន ប្រតិបត្តិរបស់ CP តាំងពីឆ្នាំ ១៩៩៣ ។ លោកក៏ជាប្រធានក្រុម គ្រួសារចិន Chia Tai Group ផងដែរ។

កូនប្រុសរបស់គាត់ឈ្មោះ Chatchaval បានទិញទស្សនាវដ្តី Fortune ក្នុងតម្លៃ ១៥០លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ។

ទី៥. លោក Jaran Chearavanont ស្ថាបនិកក្រុមហ៊ុន Charoen Pokphand Group
លោក Jaran Chearavanont អាយុ ៩៣ឆ្នាំ មានទ្រព្យសម្បត្តិ ៥,៤ ពាន់លានដុល្លារ។ លោក គឺជាស្ថាបនិកក្រុមហ៊ុន CP Group ។ លោកបានចាប់ផ្តើមធ្វើការ នៅក្នុងអាជីវកម្មចិញ្ចឹមសត្វ របស់គ្រួសារនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។
លោក Jaran ត្រូវបានចុះបញ្ជីដាច់ដោយឡែកពីបងប្អូនបង្កើត មហាសេដ្ឋីវ័យក្មេងរបស់គាត់គឺ Dhanin Chearavanont ដោយផ្អែកលើភាគហ៊ុន ១២,៧៦ភាគរយ របស់គាត់នៅក្នុងទ្រព្យសម្បត្តិ ដ៏ច្រើនរបស់គ្រួសារ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top