ព័ត៌មានអន្តរជាតិ

Updated៖ ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន ​នៅ​ហ្គាហ្សា​កើន​ឡើងដល់ ៣១,៧២៦​នាក់

Xinhua

ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៃក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១,៧២៦នាក់ និង ៧៣,៧៩២នាក់ផ្សេងទៀតបានរងរបួស។

យោងតាមក្រសួងបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីនចំនួន ៨១ នាក់ និងរបួស ១១៦ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅ ក្រោមគំនរបាក់បែកចំពេលមានការ ទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល និងកង្វះផ្នែកការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top