ព័ត៌មានអន្តរជាតិ

លោកខាងលិច បណ្តាក់គ្នាថ្កោលទោស ជ័យជំនះរបស់លោក ពូទីន ខណៈប្រទេសចិន ឥណ្ឌា និងកូរ៉េខាងជើង បានអបអរសាទរ និងសន្យារឹតចំណង មិត្តភាពឱ្យកាន់តែខ្លាំង

Xinhua

បរទេស ៖ រដ្ឋាភិបាលលោកខាងលិច នៅថ្ងៃច័ន្ទគឺបានបណ្តាក់គ្នា ដើម្បីថ្កោលទោសការបោះឆ្នោត ដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ទទួលជ័យជំនះយ៉ាង ភ្លូកទឹកភ្លូកដី ថាអយុត្តិធម៌ និង គ្មានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេសចិន ឥណ្ឌា និងកូរ៉េខាងជើង បានអបអរសាទរ មេដឹកនាំជើងចាស់ ចំពោះការបន្តការគ្រប់គ្រង របស់លោករយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រតិកម្មផ្ទុយគ្នានេះ បានគូសបញ្ជាក់ អំពីកំហុសភូមិសាស្ត្រ នយោបាយ ដែលបានពង្រីក កាន់តែទូលំទូលាយ ចាប់តាំងពីរុស្ស៊ី បានបើកការឈ្លានពានពេញលេញ លើអ៊ុយក្រែនកាលពី ២ឆ្នាំមុន ដែលបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុត នៅក្នុងទំនាក់ទំនងជាមួយលោកខាងលិច ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ។

មកដល់ទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានច្រានចោលលទ្ធផលបោះឆ្នោត ទាំងមូលថាជារឿងអាម៉ាស់មួយ មុនពេលយល់ព្រមលើការដាក់ ទណ្ឌកម្មលើបុគ្គលដែលពាក់ព័ន្ធនឹងការធ្វើបាប និងការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង លោក Alexei Navalny ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំថា “ការបោះឆ្នោតរបស់រុស្ស៊ី គឺជាការបោះឆ្នោតដែលគ្មានជម្រើស” ។

បន្ថែមលើការលើកឡើងរបស់ទីក្រុងម៉ូស្គូចំពោះសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនថាជា “ប្រតិបត្តិការយោធាពិសេស” រដ្ឋមន្ត្រីការបរទេសបារាំងលោក Stephane Sejourne បាននិយាយថា ទីក្រុងប៉ារីសបានយកចិត្តទុកដាក់ចំពោះ “ប្រតិបត្តិការបោះឆ្នោតពិសេស” ។ ក្រសួងរបស់លោកបាននិយាយថា «លក្ខខណ្ឌសម្រាប់ការបោះឆ្នោតដោយសេរី ពហុនិយម និងប្រជាធិបតេយ្យ គឺមិនត្រូវបានបំពេញនោះទេ»។

ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា លទ្ធផលបោះឆ្នោតបានគូសបញ្ជាក់ពី “ជម្រៅនៃការគាបសង្កត់” នៅក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top