ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ២៥០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យ ដ៏ធំបំផុតរបស់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២៥០ នាក់បានស្លាប់ និងរងរបួសដោយសារតែការវាយឆ្មក់ របស់អ៊ីស្រាអែលលើអគារវេជ្ជសាស្ត្រ Shifa ក្នុងទីក្រុងហ្គាហ្សា ។

ប្រភពបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើង ផ្លោង និងកាំជ្រួចយ៉ាងខ្លាំង ទៅលើអ្នកជំងឺ ជនភៀសខ្លួន និងជនស៊ីវិលក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេ ដែលបណ្តាលឱ្យមានរបួស និងស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥០នាក់ ជាមួយនឹងសម្ភារៈមួយចំនួន នៅក្នុងមន្ទីរពេទ្យត្រូវបានឆេះ។

សេចក្តីថ្លែងការណ៍មិន បានបញ្ជាក់ពីចំនួនពិតប្រាកដនៃចំនួនអ្នកស្លាប់នៅក្នុងការវាយឆ្មក់នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងទាហាន អ៊ីស្រាអែលរាប់រយនាក់ដែលប្រដាប់ដោយអាវុធ ឆ្កែប៉ូលីស រថក្រោះរាប់សិបគ្រឿង យន្តហោះដ្រូន និងឧទ្ធម្ភាគចក្រ។

ការិយាល័យនេះបានចាត់ទុកអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទទួលខុសត្រូវទាំងស្រុង ចំពោះអ្វីដែលខ្លួនហៅថា “ការសម្លាប់រង្គាល” ដោយអំពាវនាវ ឱ្យអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ “អន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ឈប់ការឈ្លាន ពានលើតំបន់ហ្គាហ្សា ដែលផ្តោតលើជនស៊ីវិល កុមារ និងស្ត្រី”។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ ដោយឡែកមួយ ក្រុមហាម៉ាស់បានឲ្យដឹងថា “ការប៉ុនប៉ងដើម្បីប្រើប្រាស់ការកើនឡើង នៃការឈ្លានពានដ៏ព្រៃផ្សៃប្រឆាំង នឹងជនស៊ីវិល ជាមធ្យោបាយនៃសម្ពាធ និងការជំរិតទារ ដើម្បីសម្រេចបាននូវគោលដៅ របស់ពួកគេនឹងមិនជោគជ័យឡើយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top