ព័ត៌មានអន្តរជាតិ

Update: រដ្ឋសភា របស់ប្រទេសវៀតណាម ដកលោក Vo Van Thuong ពីតួនាទីជាប្រធានាធិបតី វៀតណាម អាណត្តិ ២០២១-២០២៦

VN Express

បរទេស ៖ រដ្ឋសភារបស់ប្រទេសវៀតណាម បានដកលោក Vo Van Thuong ពីតួនាទីជាប្រធានាធិបតី វៀតណាមអាណត្តិ ២០២១-២០២៦ ក្នុងសម័យប្រជុំវិសាមញ្ញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ លោក Vo Van Thuong បានបម្រើការងារ ក្នុងមុខតំណែង លើសពីមួយឆ្នាំ គឺចាប់ពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្ត របស់សមាជិកសភា បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកាលពីរសៀលថ្ងៃពុធ បានយល់ព្រមអនុញ្ញាត ឱ្យលោកប្រធានាធិបតី Vo Van Thuong លាលែងពីតំណែង តាមការស្នើសុំផ្ទាល់ខ្លួនរបស់លោក ។

លោក Thuong នឹងចាកចេញពីមុខតំណែងជាប្រធានាធិបតី, សមាជិកការិយាល័យនយោបាយ, សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លើកទី១៣ និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ សម្រាប់អាណត្តិ ២០២១-២០២៦ តាមសេចក្តីសម្រេច ដែលបានប្រកាស នៅក្នុងសម័យប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការ។

សេចក្តីថ្លែងការណ៍ របស់ការិយាល័យគណៈកម្មាធិការមជ្ឈិមបក្ស បាននិយាយថា លោក Thuong ក្នុងនាមជាមេដឹកនាំដ៏សំខាន់នៃបក្សកុម្មុយនិស្ត និងរដ្ឋរបស់វៀតណាម ត្រូវបានប្រគល់ឱ្យនូវមុខតំណែងដឹកនាំសំខាន់ៗ មួយចំនួនរបស់ប្រទេស។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការមជ្ឈិម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត, លោកបានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិរបស់បក្ស ។ “ការបំពាន និងកំហុសរបស់ Vo Van Thuong បានជះឥទ្ធិពលអវិជ្ជមានដល់ការយល់ឃើញរបស់សាធារណៈជន ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់បក្ស និងរដ្ឋ។ ដោយដឹងអំពីទំនួលខុសត្រូវរបស់លោក ចំពោះមុខបក្ស រដ្ឋ និងប្រជាជន លោក Thuong បានសម្រេចលាលែងពីមុខតំណែងរបស់គាត់”។

លោក Thuong ដែលមាន អាយុ ៥៤ឆ្នាំគឺជាប្រធានាធិបតី វ័យក្មេងបំផុត របស់វៀតណាម នៅក្នុងតំណែងនៅពេលលោក ត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យកាន់តំណែងសម្រាប់អាណត្តិ២០២១-២០២៦ ដោយរដ្ឋសភា កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំមុន បន្ទាប់ពីអ្នកស្នងតំណែង មុនរបស់គាត់គឺលោក Nguyen Xuan Phuc បានស្នើសុំឱ្យលាលែងពីតួនាទី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top