ព័ត៌មានអន្តរជាតិ

ចិនបាញ់បង្ហោះ ផ្កាយរណប ដោយជោគជ័យ សម្រាប់បេសកកម្ម តាមច័ន្ទគតិ

xinhua

ប៉េកាំង ៖ ប្រទេសចិនបានបាញ់បង្ហោះ ដោយជោគជ័យកាលពីថ្ងៃពុធ ផ្កាយរណបមួយ ដែលមានភារកិច្ចបញ្ជូនបន្តទំនាក់ទំនងរវាងផែនដី និងព្រះច័ន្ទ ដែលជាធាតុផ្សំដ៏សំខាន់ សម្រាប់បេសកកម្មរុករកនាពេលអនាគត របស់ប្រទេសនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ។

រ៉ុក្កែត Long March-8 ដឹកផ្កាយរណប Queqiao-2 ចេញពីកន្លែងបាញ់បង្ហោះអវកាស Wenchang ក្នុងខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។ កាសែតស៊ីនហួបានចុះផ្សាយថា ការដាក់ពង្រាយរបស់វា គឺជាជំហានដ៏សំខាន់មួយ សម្រាប់បេសកកម្មរុករកភពព្រះច័ន្ទ ដែលនឹងត្រូវធ្វើឡើង ដោយយានគ្មានមនុស្សបើក Chang’e-6 ដែលនឹងត្រូវបានដាក់ឱ្យ ដំណើរការនៅចុងខែមិថុនា និងអ្នកស្នងតំណែងរបស់វា។

ភាគច្រើននៃផ្នែកឆ្ងាយរបស់ព្រះច័ន្ទ មិនអាចមើលឃើញពីផែនដី បាននោះទេ ហើយមិនមានខ្សែទំនាក់ទំនងផ្ទាល់ទេ។ ផ្កាយរណបដែលទើបនឹងបាញ់បង្ហោះនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាទំនាក់ទំនងដ៏សំខាន់មួយ រវាងឧបករណ៍បញ្ជា ដែលមានមូលដ្ឋានលើផែនដី និងផ្នែកឆ្ងាយនៃព្រះច័ន្ទ។

កម្មវិធីអវកាសរបស់ប្រទេសចិន ដែលដឹកនាំដោយយោធារបស់ខ្លួន បានទទួលជោគជ័យ ក្នុងការចុះចតជាលើកដំបូង ដែលមិនធ្លាប់មាននៅលើ ផ្នែកឆ្ងាយនៃព្រះច័ន្ទ និងបានបញ្ចប់ស្ថានីយអវកាសរបស់ខ្លួន។ ទីក្រុងប៉េកាំង មានបំណងសម្រេចការចុះចតតាមច័ន្ទគតិនៅឆ្នាំ២០៣០៕
ប្រែសម្រួល ឈូក បូរ៉ា

To Top