ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងមន្ទីរពេទ្យ Al-Shifa

Xinhua

យូអិន៖ អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិបានឲ្យដឹងថា លោកអគ្គលេខាធិការ Antonio Guterres មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល នៅខាងក្នុងមន្ទីរពេទ្យ Al-Shifa នៃតំបន់ហ្គាហ្សា។

លោក Florencia Soto Nino អ្នកនាំពាក្យរង របស់លោក Guterres បានឲ្យដឹងថា “យើងសូមរំលឹកឡើងវិញថា គ្រប់ភាគីទាំងអស់ ត្រូវតែអនុវត្តតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយមន្ទីរពេទ្យអាចបាត់បង់ ឋានៈការពាររបស់ពួកគេបាន លុះត្រាតែពួកគេត្រូវបានប្រើប្រាស់ក្រៅមុខងារមនុស្សធម៌របស់ពួកគេ”។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្រប សម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅខាងក្នុង និងជុំវិញមន្ទីរពេទ្យ Al-Shifa នៅទីក្រុងហ្គាហ្សា បានបន្តរយៈពេល ៣ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធ ជាមួយនឹងរបាយការណ៍ នៃការបាញ់ប្រហារគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

ប្រភពពី OCHA បានឲ្យដឹងថា យោងតាមយោធាអ៊ីស្រាអែល ជនជាតិប៉ាឡេស្ទីនប្រដាប់អាវុធប្រហែល ៩០នាក់ត្រូវបានសម្លាប់ ហើយជនសង្ស័យ ៣០០នាក់ត្រូវបានឃុំខ្លួន។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា បានរាយការណ៍ថាជនស៊ីវិល រួមទាំងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់។ ក្រសួងសុខាភិបាលនៅហ្គាហ្សា បានអំពាវនាវដល់អង្គការអន្តរជាតិ ឱ្យជួយការពារអ្នករបួស និងអ្នកជំងឺ និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ Al-Shifa ដោយកត់សម្គាល់ផងដែរថា ពួកគេមិនអាចតមអាហារបានដោយសារតែខ្វះទឹក និងអាហារ ខណៈដែលកងកម្លាំងអ៊ីស្រាអែល នៅតែបន្ត ដើម្បីឡោមព័ទ្ធមន្ទីរពេទ្យ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top