“ពីខ្លាឃ្មុំផានដាចិន ដល់ពន្ធគយ ប្រធានបទពិភាក្សាទាំងអស់ សុទ្ធតែត្រូវបានដាក់លើតុចរចា សម្រាប់ឱ្យរដ្ឋមន្ត្រីការបរទេសចិន និងអូស្ត្រាលី ពិភាក្សាយ៉ាងស្មោះត្រង់ ។ ”ទីភ្នាក់ងារសារព័ត៌មានចម្រុះ អួស្ត្រាលី (AAP) បានវាយតម្លៃកិច្ចសន្ទនា ផ្នែកការទូត និងយុទ្ធសាស្ត្រ ចិន-អូស្ត្រាលី ជុំទី៧ដូចពោលខាងលើនេះ ។ ប្រការនេះ បានបញ្ជាក់ពីមួយផ្នែកថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ត្រូវបានកែសម្រួល និងទទួលការអភិវឌ្ឍ ជាបន្តបន្ទាប់ ។
ដំណើរទស្សនកិច្ច របស់លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នៅប្រទេសអូស្ត្រាលី នៅខែមីនានេះ ក៏ត្រូវបានមជ្ឈដ្ឋាន ខាងក្រៅយល់ឃើញថា នឹងជំរុញឱ្យទំនាក់ទំនងរវាងចិន និងអូស្ត្រាលី “ស្តារឡើងវិញ” ថែមមួយកម្រិតទៀតដែរ ។
ឆ្នាំ២០២៤នេះជាខួបទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងអូស្ត្រាលី ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគី មានភាពបម្រែបម្រួលយ៉ាងខ្លាំង មូលហេតុសំខាន់ គឺដោយសារអតីតរដ្ឋាភិបាលអូស្ត្រាលី បានអនុវត្តគោលនយោបាយ ដ៏ខុសឆ្គង ចំពោះ ប្រទេសចិន ដែលបណ្តាល ឱ្យទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ធ្លាក់ចុះចាប់ពីឆ្នាំ២០១៨មក ។ បន្ទាប់ពីរដ្ឋាភិបាល គណបក្សការងារ អូស្ត្រាលី នាពេលបច្ចុប្បន្ន កាន់អំណាច កាលពីខែឧសភាឆ្នាំ២០២២ បានកែតម្រូវគោលនយោបាយ ចំពោះប្រទេសចិន ជាថ្មីឡើងវិញ ហើយទំនាក់ទំនង រវាងចិន និងអូស្ត្រាលីចាប់ផ្តើមមានបម្រែបម្រួលល្អ ។ កាលពីខែវិចិ្ឆកាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងអំឡុងពេល លោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំប្រទេស G២០ ដែលបានឈានដល់គំនិត ឯកភាពរួមខាងនយោបាយ ដ៏សំខាន់អំពីការពន្លឿន ការកែលម្អទំនាក់ទំនងទ្វេភាគី ។
ប្រព័ន្ធសារព័ត៌មានអូស្ត្រាលី បានផ្សាយដំណឹងថា ដំណើរទស្សនកិច្ច នៅអូស្ត្រាលី របស់លោក Wang Yi លើកនេះ ជាតម្រុយថ្មីបំផុត នៃការឡើងកម្តៅវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីឆ្លងកាត់សភាពជាប់គាំងអស់ រយៈពេលជាច្រើនឆ្នាំ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអូស្ត្រាលី ភាគីទាំងពីរបានរៀបចំធ្វើកិច្ចសន្ទនា និងពិធីសំណេះសំណាលជាច្រើនលើក ។ ភាគីចិនលើកឡើងថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានវិល ត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ហើយបំណាច់ជាបែបនេះ ក៏ត្រូវវិវឌ្ឍរីកមច្រើនទៅមុខយ៉ាងមុតមាំ ដោយគ្មានការស្ទាក់ស្ទើរ និងមិនដើរថយក្រោយដែរ ។
ឥស្សរជនអ្នកវិភាគលើកឡើងថា បើចង់ធ្វើឱ្យទំនាក់ទំនងរវាងចិន និងអូស្ត្រាលី មិនដើរថយក្រោយ នោះត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងលើបីចំណុច៖
មុនដំបូង ត្រូវគោរពគ្នាទៅវិញទៅមក និងគ្រប់គ្រងការ ខ្វែងគំនិតដោយវៃឆ្លាត ។ ជាពិសេស គឺភាគីអូស្ត្រាលី គួរតែគោរពផល ប្រយោជន៍ជាស្នូល របស់ចិននិងបញ្ហាធំ និង សំខាន់ដែលប្រទេសចិន យកចិត្តទុកដាក់ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីចិនបានអធិប្បាយ អំពីគោលជំហរ ជាគោលការណ៍ លើបញ្ហាតំបន់តៃវ៉ាន់ តំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំង ភូមិភាគស្វយ័ត Xizang និងតំបន់សមុទ្រចិនខាងត្បូងជាដើម ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានគូសបញ្ជាក់ថា ភាគីអូស្ត្រាលីបានអនុវត្តគោលនយោបាយប្រទេសចិន តែមួយជាប់រហូតមក នេះជាគំនិតឯកភាពរួមនៃបក្សទាំងពីរ របស់អូស្ត្រាលី ហើយនឹងបន្តប្រកាន់ខ្ជាប់ទៅទៀត ។
ក្រៅពីនេះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ក៏ត្រូវមានភាពឯករាជ្យនិងម្ចាស់ការ ។ អូស្ត្រាលីជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាដៃគូរបស់ចិន ហើយក៏កាន់តែជាប្រទេស ដែលមានអធិបតេយ្យភាព មួយដែរ ។ ភាគីចិនគូសបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអូស្ត្រាលី មិនត្រូវសំដៅចំពោះភាគីទីបីទេ ហើយក៏មិនត្រូវរងផល ប៉ះពាល់ឬការរំខានពីភាគីទីបីដែរ ។ ការលើកឡើងបែបនេះ ត្រូវឥស្សរជនអ្នកវិភាគចាត់ទុកថា ជា “ដំបូន្មានដ៏ស្មោះត្រង់” ចំពោះភាគីអូស្ត្រាលី ។
ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាកម្លាំងជំរុញដ៏សកម្មបំផុតនិងរស់រវើកបំផុត ។ ប្រទេសចិនបានកាន់ឋានៈជាដៃគូពាណិជ្ជកម្ម ធំទីមួយរបស់អូស្ត្រាលីក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ចិនជាគោលដៅនាំចេញធំទីមួយរបស់អូស្ត្រាលី ហើយក៏ជាប្រទេសប្រភពនាំ ចូលធំទីមួយដែរ ។ ទន្ទឹមនឹងការកែសម្រួលនៃទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ ពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីនឹង កាន់តែមានភាពរលូន ។
ចិននិងអូស្ត្រាលីសុទ្ធតែ ជាប្រទេសដ៏សំខាន់នៅអាស៊ីប៉ាស៊ីហ្វិក ដែលគ្មានគំនុំប្រវត្តិសាស្ត្រ និងការប៉ះទង្គិចខាងផលប្រយោជន៍ជាមូលដ្ឋាន ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទទួលការអភិវឌ្ឍជាថ្មីឡើងវិញ ក៏ត្រូវឆ្ពោះទៅមុខ ជារៀងរហូត ។ ប្រការនេះគឺសមស្របនឹងផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាការរំពឹងទុកជាទូទៅ របស់ប្រទេសក្នុងតំបន់ដែរ ៕