បរទេស៖ អតីតប្រធានធនាគារ Saigon Commercial Bank ក្នុងប្រទេសវៀតណាម គឺលោក Bui Anh Dung បានប្រាប់តុលាការថា ការកាត់ទោ សលោកឱ្យជាប់ពន្ធនាគារមួយជីវិត ដែលរដ្ឋអាជ្ញាបានណែនាំ សម្រាប់លោកគឺធ្ងន់ធ្ងរពេក ហើយបានអង្វរឱ្យមានការបន្ធូរបន្ថយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Bui Anh Dungអាយុ ៦២ឆ្នាំ បានប្រាប់តុលាការប្រជាជននៃទីក្រុងហូជីមិញកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា “ខ្ញុំគេងមិនលក់ចាប់តាំងពីខ្ញុំបានស្តាប់ការកាត់ទោស, ឪពុកម្តាយរបស់ខ្ញុំនៅផ្ទះត្រូវតែស្រក់ទឹកភ្នែក” ។
លោក Dung ត្រូវបានគេចោទប្រកាន់ថា បានអនុម័តប្រាក់កម្ចីចំនួន ៤០៤ ដល់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat គឺលោកស្រី Truong My Lan និងអ្នកក្រោមបង្គាប់របស់លោកស្រីចន្លោះឆ្នាំ ២០១៣ និង ២០២២ ដែលបណ្តាលឱ្យមានការខាតបង់ចំនួន ២១៣,៩ ពាន់ពាន់លានដុង ស្មើនឹងប្រហែល ៨,៦២ ពាន់លានដុល្លារ ដល់ធនាគារ។
រដ្ឋអាជ្ញាបានស្វែងរកការកាត់ទោស លោកឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចោទថា គាត់បានប្រព្រឹត្តឧក្រិដ្ឋកម្មម្តងហើយម្តងទៀត និងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ។
មេធាវីរបស់គាត់បាននិយាយថា ការកាត់ទោសនេះគឺ “អយុត្តិធម៌” ចាប់តាំងពីលោក Dung មិនដែលជួបដោយផ្ទាល់ជាមួយលោកស្រី Lan ឬបានទទួលបញ្ជាផ្ទាល់ពីលោកស្រី Lan ឡើយ ខណៈដែលនាយកប្រតិបត្តិផ្សេងទៀតដូចជាអតីត CEO Nguyen Phuong Hong (ដែលបានទទួលមរណភាព) និងអតីតនាយកប្រតិបត្តិស្តីទី Truong Khanh Hoang ត្រូវបានសហការជាមួយសមភាគី Van Thinh Phat សម្រាប់កម្ចី៕
ប្រែសម្រួលៈ ណៃ តុលា