បរទេស ៖ ក្រុមអ្នកវាយប្រហារ បានបើកការបាញ់ប្រហារ នៅឯសាលប្រគុំតន្ត្រីដ៏ធំមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ មនុស្សជាង ៦០ នាក់ , របួសជាង ១០០នាក់ និងបានដុតបំផ្លាញ កន្លែងនោះផងដែរ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមរដ្ឋអ៊ីស្លាមបានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារ នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ក្រុមនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារព័ត៌មាន Aamaq របស់ខ្លួន ក្រុមនេះបាននិយាយថា ខ្លួនបានវាយប្រហារការ ប្រមូលផ្តុំដ៏ធំនៃពួកគ្រីស្ទាននៅ Krasnogorsk នៅជាយក្រុងម៉ូស្គូ ដោយបានសម្លាប់ និង ធ្វើឱ្យរបួសមនុស្សរាប់រយនាក់។
កាលពីថ្ងៃសុក្រ ខ្មាន់កាំភ្លើងជាច្រើននាក់ដែលស្លៀកពាក់ក្លែងបន្លំបានសម្រុកចូលទៅក្នុងសាល Crocus City Hall ដែលជាកន្លែងអង្គុយចំនួន ៦.២០០ នៅភាគខាងលិចនៃទីក្រុងមូស្គូ។ នេះបើយោងតាមសាក្សី និងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម។
វីដេអូដែលបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញ ពីមនុស្សប្រញាប់ប្រញាល់រត់ទៅរកច្រកចេញ ខណៈដែលការបាញ់កាំភ្លើង ម្តងហើយម្តងទៀតត្រូវបានឮ។ វីដេអូផ្សេងទៀតបង្ហាញបុរស កាន់កាំភ្លើងវែង ដើរកាត់កន្លែងជួបជុំ ហើយបាញ់ប្រហារមនុស្សនៅពីចំងាយ។
ក្រុមអ្នកវាយប្រហារ ក៏បានគប់គ្រឿងផ្ទុះផងដែរ ដោយដុតបំផ្លាញអគារដ៏ធំមួយ៕
ប្រែសម្រួលៈ ណៃ តុលា