បរទេស៖ អាជ្ញាធររុស្ស៊ីបានប្រកាសថា ពួកគេបានចាប់ខ្លួន មនុស្ស ១១នាក់ រួមទាំងជនសង្ស័យ ៤ នាក់ ដែលបានធ្វើសកម្មភាពបាញ់ ប្រហារដោយផ្ទាល់នៅឯរោង មហោស្រពតន្រ្តី Crocus City Hall ដែលបានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៩៣ នាក់បានស្លាប់។
សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅថ្ងៃទី ២៣ ខែមីនា បានរាយការណ៍ទៅប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនថា មនុស្សសរុប ១១ នាក់ត្រូវបានចាប់ខ្លួនក្នុងនោះមានជនសង្ស័យ ៤ នាក់ដែលបានចូលរួមដោយផ្ទាល់នៅក្នុងការវាយប្រហារ, នេះបើយោងតាម Interfax ។ វិមានក្រឹមឡាំងបាននិយាយថា អាជ្ញាធរកំពុងបន្តស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណអ្នកសមគំនិតបន្ថែមទៀតនៃខ្មាន់កាំភ្លើង។
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បាននិយាយថា ការវាយប្រហារនេះបង្ហាញ ពីការគំរាមកំហែង នៃអំពើភេរវកម្ម ចំពោះប្រទេសរុស្ស៊ី ហើយបានបញ្ជាក់ថា ជនល្មើសនឹងត្រូវទទួលទណ្ឌកម្ម។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) បានបង្ហាញការគាំទ្រ ចំពោះការស៊ើបអង្កេតរបស់រុស្ស៊ី ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយអាជ្ញាធរ របស់ប្រទេសរុស្ស៊ីក្នុងការស្វែងរកភេរវករ។
ខ្មាន់កាំភ្លើងប្រហែល ៤ ទៅ៥ នាក់ត្រូវបានគេជឿថា បានចូលរួមក្នុងការវាយប្រហារ ភេរវករលើរោងមហោស្រពតន្ត្រី Crocus City Hall នៅជាយក្រុងមូស្គូកាលពីយប់ថ្ងៃទី ២២ ខែមីនា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩៣នាក់បានស្លាប់និងជាង ១០០ នាក់រងរបួស។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ខណៈអ្នករបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានអះអាងថា បានធ្វើការវាយប្រហារនេះ ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ ក្រុមនេះបាននិយាយថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនបន្ទាប់ពីធ្វើការវាយប្រហារភេរវករ ហើយ “បានត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាព”៕
ប្រែសម្រួលៈ ណៃ តុលា