បរទេស ៖ រុស្ស៊ីបាននិយាយ កាលពីថ្ងៃសៅរ៍ថា បានចាប់ខ្លួនមនុស្ស ១១ នាក់រួមទាំងខ្មាន់ កាំភ្លើង ៤ នាក់ដែលជាប់សង្ស័យ ពាក់ព័ន្ធនឹងការបាញ់ប្រហារ ដែលបានសម្លាប់មនុស្ស ១៤៣ នាក់នៅក្នុងសាលប្រគុំតន្ត្រី មួយនៅជិតទីក្រុងមូស្គូ ដែលជាការវាយប្រហារ ដ៏សាហាវបំផុតនៅក្នុងប្រទេស រុស្ស៊ី ក្នុងរយៈពេល ២០ ឆ្នាំមកនេះ ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីថ្ងៃសុក្រ ប៉ុន្តែមានការចង្អុលបង្ហាញថា រុស្ស៊ីកំពុងស្វែង រកការទាក់ទងរបស់អ៊ុយក្រែន ទោះបីជាមានការបដិសេធ យ៉ាងមុតមាំពីមន្ត្រីអ៊ុយក្រែនថា ទីក្រុងគៀវ មិនមានអ្វីពាក់ព័ន្ធនឹងវាក៏ដោយ។
សេវាសន្តិសុខ FSB បាននិយាយថា “ភេរវករទាំងបួននាក់” ត្រូវបានចាប់ខ្លួន នៅពេលធ្វើដំណើរទៅកាន់ព្រំដែនអ៊ុយក្រែន ហើយថា ពួកគេមានទំនាក់ទំនង នៅក្នុងប្រទេសអ៊ុយក្រែន ។ FSB បាននិយាយថា ពួកគេត្រូវបានបញ្ជូនទៅទីក្រុងម៉ូស្គូ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ នៅលើ Telegram ថា “ឥឡូវនេះយើងដឹងថា ប្រទេសណាដែលមនុស្សតិរច្ឆាន បង្ហូរឈាមទាំងនេះគ្រោង នឹងលាក់ខ្លួនពីការដេញតាម – អ៊ុយក្រែន” ។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ លោក Andrei Kartapolov បាននិយាយថា ប្រសិនបើអ៊ុយក្រែនជាប់ពាក់ព័ន្ធ នោះរុស្ស៊ីត្រូវតែផ្តល់ការឆ្លើយតប “សក្តិសម ច្បាស់លាស់ និងជាក់ស្តែង” នៅលើសមរភូមិ។
អ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែនលោក Andriy Yusov បានប្រាប់រ៉យទ័រថា “ពិតណាស់អ៊ុយក្រែនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនេះទេ។ អ៊ុយក្រែនកំពុងការពារ អធិបតេយ្យភាពរបស់ខ្លួនពីការឈ្លានពានរបស់រុស្ស៊ី រំដោះទឹកដីរបស់ខ្លួន និងកំពុងប្រយុទ្ធជាមួយកងទ័ព និងគោលដៅយោធា របស់ពួកកាន់កាប់ មិនមែនជនស៊ីវិលទេ”។
លោកបាននិយាយថា ការបកស្រាយ របស់ FSB ដែលថាជនសង្ស័យត្រូវបានចាប់ខ្លួន នៅតាមផ្លូវទៅកាន់អ៊ុយក្រែនគឺជា “ជាការពិតណាស់ នោះជាការកុហកមួយផ្សេងទៀត ពីសេវាកម្មពិសេសរបស់រុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា