បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អភិបាលក្រុងលោក Mikail Razvozhayev បាននិយាយនៅព្រឹកថ្ងៃអាទិត្យនេះថា ប្រទេសអ៊ុយក្រែន បានបាញ់ មីស៊ីល ជាច្រើនគ្រាប់នៅឯទីក្រុង Sevastopol ក្នុងតំបន់ Crimea ដែលទីក្រុងនេះមានមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់ និងទីស្នាក់ការកណ្តាល នៃកងនាវាចរសមុទ្រ ខ្មៅរបស់រុស្ស៊ី ។
យោងតាមលោក Razvozhayev ការការពារដីបានបាញ់ទម្លាក់មីស៊ីលច្រើនជាងដប់ផងដែរដោយលោកបានពណ៌នាថាការវាយប្រហារនេះថាជាការវាយប្រហារដ៏ធំបំផុតក្នុង ពេលថ្មីៗនេះ ។ អភិបាលក្រុង បាននិយាយថា ផ្នែកមួយនៃគ្រាប់ផ្លោងបានវាយប្រហារផ្ទះមួយ ដោយបានសម្លាប់បុរសអាយុ៦៥ឆ្នាំម្នាក់ ហើយ លោកបានបន្ថែមថា មនុស្សបួននាក់ទៀត បានរងរបួសផងដែរ។
លោកRazvozhayev មុននេះបានសរសេរ នៅលើ Telegram ថា មីស៊ីលបានវាយប្រហារអគារការិយាល័យ ខណៈដែលផ្នែកខ្លះ នៃកាំជ្រួចផ្សេងទៀត បានវាយប្រហារអគារលំនៅដ្ឋានកំពស់៥ជាន់ ហើយមកទល់ពេលនេះអាជ្ញាធរ នៅតែបន្តវាយតម្លៃ ការខូចខាតនៅឡើយ។
គួរឲ្យដឹងដែរថាកាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា គ្រាប់រ៉ុក្កែតចំនួន១៩ត្រូវបានស្ទាក់ចាប់នៅក្នុងតំបន់ Belgorod ដែលជាប់ព្រំដែន ភាគខាងកើតអ៊ុយក្រែន ហើយបាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីប្រព័ន្ធ RM-70 ដែលផលិតនៅប្រទេសឆេក៕
ប្រែសម្រួល៖ស៊ុនលី