ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្រមព្រៀមដោះលែង អ្នកទោស ប៉ាឡេស្ទីន ៨០០នាក់

RT News

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រី ដែលដឹងអំពីបញ្ហានេះថា អ៊ីស្រាអែល បានយល់ព្រម ដោះលែង អ្នកទោសប៉ាឡេស្ទីនចន្លោះពី ៧០០នាក់ ទៅ ៨០០នាក់ ជាថ្នូរនឹងចំណាប់ខ្មាំង៤០ នាក់ ដែលនៅតែឃុំខ្លួន ដោយក្រុមហាម៉ាស។ ប្រសិនបើជោគជ័យ ការដោះដូរនឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលមានការសម្របសម្រួល របស់សហរដ្ឋអាមេរិក ដែលមានបំណងផ្អាក ការ ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានឈានចូលដល់ខែ ទីប្រាំរបស់ខ្លួន។ នេះបើតាមការចេញ ផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៥ ខែមីនានេះ ។

យោងតាម Channel 12 និង គេហទំព័រព័ត៌មាន Walla ក្រុមអ្នកទោសអ៊ីស្រាអែលសុខចិត្តដោះលែងរួមមានអ្នកទោស ១០០ នាក់ដែលត្រូវបានកាត់ទោស ពីបទឃាតកម្ម។ មន្ត្រីអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបាននិយាយទៅកាន់ Times of Israel មានការប្រុងប្រយ័ត្នជាងមុនដោយនិយាយថា “ឥឡូវនេះ យើងមានអារម្មណ៍ ៥០លើ៥០ អំពីឱកាសសម្រាប់កិច្ចព្រមព្រៀង” ។

អ៊ីស្រាអែលក៏ត្រូវ បានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការអនុញ្ញាត ឱ្យជនភៀសខ្លួនប៉ាឡេស្ទីន ត្រឡប់ទៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីបវិញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពីមុនបានច្រានចោលសំណើរបស់ហាម៉ាស សម្រាប់បទឈប់បាញ់ និងការដោះដូរអ្នកទោស ដោយទទូចថា កងកម្លាំងការពារអ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តក្នុងការលុបបំបាត់ទាំងស្រុងនូវវត្តមាន របស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួលៈ ណៃ តុលា

To Top