បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Salvini បាននិយាយថា លោកប្រធានាធិបតី Macron បង្កគ្រោះថ្នាក់ដល់អឺរ៉ុប បន្ទាប់ពីមេដឹកនាំបារាំងរូបនេះ បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកលោកខាងលិចទៅកាន់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Salvini មេដឹកនាំគណបក្សសម្ព័ន្ធស្តាំនិយមក្នុងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីបាននិយាយថា “គំនិតរបស់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ បង្កឱ្យមានកំហឹង និងមិនមានតុល្យភាព” ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមនយោបាយអត្តសញ្ញាណ និងប្រជាធិបតេយ្យរបស់សភាអឺរ៉ុប ដែលរួមមានមេដឹកនាំស្តាំនិយម និងជាតិនិយមនៅអឺរ៉ុប ដើម្បីប្រមូលផ្តុំគ្នាគាំទ្រមុនការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនា។
លោក Salvini បានបន្ថែមថា “ជាមួយនឹងសេចក្តីថ្លែងការណ៍ទាំងនោះ ប្រធានាធិបតី Macron តំណាងឱ្យគ្រោះថ្នាក់ដល់ប្រទេស និងទ្វីបរបស់យើង” ។ “Warmongers ដូចជា Macron និយាយអំពីសង្រ្គាមដូចជាគ្មានបញ្ហាអ្វីទេនៅពេលនេះ។ ខ្ញុំមិនចង់ទុកកូនៗ និងចៅៗរបស់យើងទៅកាន់ទ្វីបដែលត្រៀមខ្លួនចូលក្នុងសង្គ្រាមលោកលើកទី 3 នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា