ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣២.៣៣៣នាក់ ។
សេចក្តីថ្លែងការណ៍ខាងលើ បានឲ្យដឹងទៀតថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន១០៧នាក់ និងចំនួន១៧៦នាក់ ផ្សេងទៀតបានរងរបួស ។
តួលេខនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៣២.៣៣៣នាក់ និងមានអ្នករងរបួសដល់ទៅ៧៤.៦៩៤នាក់ គិតចាប់តាំងពីជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ នេះបើយោងតាមក្រសួងសុខាភិបាលបានបញ្ជាក់ដូច្នេះ ។
ប្រទេសអ៊ីស្រាអ៊ែល បាននិងកំពុងបើកការវាយប្រហារ ជាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំង នឹងការវាយប្រហារ របស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងអំឡុងពេលដែលមនុស្ស ប្រហែល១.២០០នាក់បានស្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា