ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក Chen Xiaodong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយអនុរដ្ឋមន្ត្រីការបរទេស ហ្វីលីពីន ដោយបានលើកឡើង ការប្រឆាំងយ៉ាងដាច់ខាត ចំពោះបញ្ហាការដែលហ្វីលីពីន បានដឹកជញ្ជូនសម្ភារៈ ទៅឱ្យនាវាចម្បាំង ដែលទុកចោល ដោយខុសច្បាប់ នៅថ្មប៉ប្រះទឹកRen’ai ជាដើម ។
លោក Chen Xiaodong បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែមីនា នាវាស៊ីវិលមួយគ្រឿង និងនាវាឆ្មាំសមុទ្រពីរគ្រឿង របស់ប្រទេសហ្វីលីពីន បានបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹកRen’ai នៅសមុទ្រចិន ខាងត្បូងម្តងទៀត ដោយប៉ុនប៉ងដឹកជញ្ជូនសម្ភារៈ ក្នុងនោះបូករួមទាំងសម្ភារៈ សំណង់ផង ទៅឱ្យនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹកនេះ ។ ទង្វើនេះបានល្មើសនឹង «សេចក្តីប្រកាស ប្រតិបត្តិបណ្តាភាគី សមុទ្រចិន ខាងត្បូង» យ៉ាងធ្ងន់ធ្ងរ បានល្មើសយ៉ាងធ្ងន់ធ្ងរនឹងពាក្យសន្យាដែលប្រទេស ហ្វីលីពីនលើកឡើង បានបំពានយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិង ផលប្រយោជន៍ដែនសមុទ្រ របស់ប្រទេសចិន ហើយក៏បានបំផ្លាញ ដល់សុខសន្តិភាព ក្នុងតំបន់ទៀតផង ប្រទេសចិនសម្តែងការ ប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះ ។ ប្រទេសចិនមានអធិបតេយ្យភាព មិនអាចប្រកែកបាន ចំពោះប្រជុំកោះ Nansha និងដែនសមុទ្រនៅក្បែរនោះ ក្នុងនោះបូករួមទាំង ថ្មប៉ប្រះទឹកRen’aiផងដែរ ។ ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យហ្វីលីពីន គោរពពាក្យសន្យា របស់ខ្លួន គោរពគំនិតឯកភាពរួម បញ្ឈប់ការបង្ករឿង និងរំលោភសិទ្ធិ ដែនសមុទ្ររបស់ចិន បញ្ឈប់រាល់សកម្មភាពឯកតោភាគី ដែលអាចនឹងបណ្តាលឱ្យស្ថានការណ៍ មានភាពស្មុគស្មាញ ហើយត្រឡប់ទៅរកផ្លូវត្រឹមត្រូវ នៃការដោះស្រាយការខ្វែងគំនិត តាមរយៈកិច្ចចរចានិងការពិគ្រោះពិភាក្សាជាមួយប្រទេសចិន ។ ប្រទេសចិននឹងបន្តចាត់វិធានការ ដ៏ចាំបាច់ ដោយអនុលោមតាមច្បាប់ចិន និងច្បាប់អន្តរជាតិ ដើម្បីគាំពារយ៉ាងមុតមាំនូវបូរណភាពទឹកដី ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ ដែនសមុទ្ររបស់ប្រទេសជាតិ ៕