ព័ត៌មានអន្តរជាតិ

អាមេរិក និងអង់គ្លេស ចាត់វិធានការ ប្រឆាំងនឹងក្រុម Hacker ដែលមានទំនាក់ទំនងជាមួយចិន

Kyodo

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង់គ្លេសបានចោទប្រកាន់ប្រទេសចិនថា បានធ្វើសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ ដោយបានដាក់ទណ្ឌកម្មលើបុគ្គលពីរនាក់ និងក្រុមហ៊ុនមួយ។

នៅក្នុងការអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ពលរដ្ឋចិនចំនួន ៧នាក់ រួមទាំងពីរនាក់ត្រូវបានចោទប្រកាន់ ពីបទជាប់ពាក់ព័ន្ធក្នុងក្រុមហេគឃ័រ ដែលគេស្គាល់ថា APT31 ដែលបានចូលរួមក្នុងប្រតិបត្តិការប្រហែល ១៤ឆ្នាំ ដែលបានកំណត់គោលដៅ ទៅលើមន្ត្រីរដ្ឋាភិបាល ក្រុមហ៊ុន អ្នកសារព័ត៌មាន អ្នកសិក្សា និងអ្នកផ្សេងទៀត សម្រាប់ព័ត៌មានរសើប។

ទណ្ឌកម្មត្រូវបានដាក់លើក្រុមហ៊ុន Wuhan Xiaoruizhi Science and Technology Ltd. ដែលយោងទៅតាមក្រសួងរតនាគារសហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនជួរមុខរបស់ក្រសួងសន្តិសុខរដ្ឋចិន ក៏ដូចជាបុគ្គលឈ្មោះ Zhao Guangzong និង Ni Gaobin ផងដែរ។

មន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេសបានឲ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងវូហាន និងក្រុម Hacker ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។

សហរដ្ឋអាមេរិកកំពុងផ្តល់រង្វាន់រហូតដល់ ១០ លានដុល្លារ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម និងបុគ្គល។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ការវាយប្រហារតាមអ៊ីនធឺណិតរបស់ចិន បានផ្តោតលើគណៈកម្មការរៀបចំការបោះឆ្នោត ដែលផ្ទុកឈ្មោះ និងអាសយដ្ឋានរបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះ និងសមាជិកសភា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top