បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សភាជាតិបារាំង បានសង្កេតមើលភាពស្ងៀមស្ងាត់មួយនាទី មុនសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ នៃការវាយប្រហារ ដោយភេរវករ ដ៏សាហាវកាលពីថ្ងៃសុក្រ មុននៅលើកន្លែងប្រគុំតន្ត្រីCrocus City Hall នៅខាងក្រៅទីក្រុងមូស្គូ ដែលការវាយប្រហារនេះបានឆក់យកជីវិត មនុស្ស១៣៩នាក់ និងរបួសជាង១៨០នាក់ ។
គួរឲ្យដឹងបារាំងតែងតែថ្កោលទោស ទង្វើបែបនេះ ហើយបានប្រយុទ្ធប្រឆាំង នឹងភេរវជនអ៊ីស្លាម ដោយក្នុងនោះប្រធានសភា លោក Yael Braun-Pivet បានប្រាប់សមាជិកសភា ឲ្យរៀបចំធ្វើបែបនេះជារៀងរាល់ ពេលដែលមានការវាយប្រហារ ណាមួយដោយក្រុមភេវរកម្ម ។
ក្រុម IS-offshoot ដែលគេស្គាល់ថាជារដ្ឋអ៊ីស្លាម Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងមូស្គូដោយ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្តីបន្ទោស ពួកអ៊ីស្លាមជ្រុលនិយម សម្រាប់ការវាយប្រហារនេះ ប៉ុន្តែបាននិយាយថា វានៅតែចាំបាច់ត្រូវបង្កើតឡើងថា អ្នកណាជាអ្នកផ្តល់បញ្ជា ។
ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងប៉ារីស មានភាពជូរចត់ជាពិសេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតី Emmanuel Macron បានអត្ថាធិប្បាយម្តងហើយម្តងទៀតថា លោកខាងលិច មិនគួរបដិសេធ ការបញ្ជូនកងទ័ពណាតូ ទៅកាន់អ៊ុយក្រែន នៅពេលណាមួយនៅក្នុង ពេលអនាគតនៃជម្លោះ ដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវ ៕
ប្រែសម្រួល៖ស៊ុនលី