ព័ត៌មានអន្តរជាតិ

ចំណីអាហារ មួយមុខ របស់ចិន ល្បីមួយតំបន់

ប្រជាជាតិចិន ត្រូវបានគេស្គាល់ថា ជាប្រជាជាតិមួយ ដែលប៉ិនប្រសប់ ក្នុងការធ្វើចំណី អាហារឆ្ងាញ់ៗ ហើយបានបង្កើតនូវវប្បធម៌ ហូបចុក ដ៏ពិសេស របស់ខ្លួន ដែលក្នុងនោះ «ប្រព័ន្ធម្ហូបធំៗទាំង ៨»មានឈ្មោះបោះសំឡេង ទាំងក្នុងនិងក្រៅប្រទេស ។

ទឹកដីដ៏ធំទូលាយ របស់ចិន បានញ៉ាំងឱ្យមនុស្សម្នា ដែលរស់នៅតំបន់ខុសៗគ្នាមានទម្លាប់ហូបចុកទីទៃគ្នា ឧទាហរណ៍ដូចជាអ្នករស់នៅ ភាគខាងត្បូង ចូលចិត្តហូបបាយនិងម្ហូប ដែលមានរសជាតិរាងផ្អែម ចំណែកអ្នកភាគខាងជើង ចូលចិត្តហូបចំណី ធ្វើពីម្សៅមី និងមានរសជាតិរាងប្រៃ អ្នកភាគខាងកើត ចូលចិត្តរសជាតិរាងជូរ ឯអ្នកភាគខាងលិច ចូលចិត្តរសជាតិរាងហឹរ ដែលបង្កើតបានជាវប្បធម៌ ហូបចុកចម្រុះបែប ។

ជំនឿចិត្តលើខ្លួនឯង ខាងវប្បធម៌ បានញ៉ាំងឱ្យប្រជាជនចិន ស្វែងរកការអភិរក្ស និងអភិវឌ្ឍវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណី របស់ខ្លួនតាមរយៈខាងច្នៃ ប្រឌិតថ្មី ។ ជាពិសេសនៅក្នុងយុគសម័យថ្មី ដែលព័ត៌មានវិទ្យា បានរីកដុះដាលយ៉ាងខ្លាំង វប្បធម៌ហូបចុកដូចជាចំណី អាហារពិសេសប្រចាំតំបន់ជាដើម បានត្រូវផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនង សង្គមនិងកម្មវិធីវីដេអូ តាមទូរស័ព្ទដៃជាបន្តបន្ទាប់ ដែលបានធ្វើឱ្យចំណី អាហារពិសេសទាំងនេះ ក្លាយជា«តារាល្បីតាមបណ្តាញអ៊ីនធឺណេត» ។

មួយរយៈកាលមុន ក្រុង ជឺប៉ ខេត្ត សានទុង ស្រាប់តែល្បីឈ្មោះនៅទូទាំងប្រទេសចិន តាមរយៈបណ្តាញទំនាក់ទំនងសង្គមដោយសារ«សាច់អាំង ជឺប៉» ។ តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ ឈុត«សាច់អាំង ជឺប៉»បានត្រូវដាក់លក់តាមហាងលក់សាច់អាំង ជាច្រើននៅទូទាំងប្រទេស ដែលបានធ្វើឱ្យពលរដ្ឋ កាន់តែច្រើនស្គាល់ក្រុង ជឺប៉ ។

តាមពិតទៅ «សាច់អាំង ជឺប៉» មិនមែនទើបតែមាននោះទេ ចុះហេតុអ្វី ស្រាប់តែល្បីពេញ ប្រទេសបែបនេះ ? កត្តាទីមួយគឺដោយសារភាព ងាយស្រួលក្នុងការធ្វើដំណើរ ។ ស្ថានីយរថភ្លើងល្បឿនលឿនក្រុង ជីប៉ បានផ្តល់ភាពងាយស្រួលខ្លាំងសម្រាប់អ្នកដំណើរទៅកាន់ទីក្រុងមួយនេះ ដែលមានអ្នកធ្វើដំណើរជាពិសេសពីខេត្ត-ក្រុងផ្សេងៗដើម្បីទៅភ្លក់រសជាតិ«សាច់អាំង ជឺប៉» ដោយចំណាយពេលទៅមកតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

កត្តាទីពីរគឺដោយសារវប្បធម៌ហូបចុករបស់ខេត្ត សានទុង ។ ខេត្ត សានទុង ជាប្រភពដ៏ចំណាស់នៃវប្បធម៌និងអរិយធម៌ចិន ពិសេសលទ្ធិខុងជឺ ។ «សាច់អាំង ជឺប៉» មានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយត្រូវបានបន្តវេន និងផ្សព្វផ្សាយមកទល់បច្ចុប្បន្ន ពលរដ្ឋក្នុងតំបន់បានលើកស្ទួយ ចំណីអាហារពិសេស នៃស្រុកកំណើតខ្លួន ធ្វើឱ្យវប្បធម៌ហូបចុក ក្នុងតំបន់អាចស្ថិតស្ថេរគង់វង្ស ។

ទីបីគឺដោយសារភាពច្នៃប្រឌិតថ្មីនៃរសជាតិ និងវិធីផ្សព្វផ្សាយបែបថ្មី ។ ការរក្សាទុកនូវទម្រង់ដើម តែធ្វើការច្នៃប្រឌិតថ្មី នូវរសជាតិឱ្យស្របតាមតម្រូវការ របស់អតិថិជនដែលចង់ភ្លក់នូវអ្វីដែលថ្មីនិងប្លែក វាជាកត្តាមួយ នៃភាពទាក់ទាញរបស់ចំណីអាហារ ដែលមានប្រវត្តិសាស្ត្រយូរលង់ ។ បច្ចុប្បន្នជាយុគសម័យឌីជីថល បណ្តាញទំនាក់ទំនង សង្គមដូចជាកម្មវិធីវីដេអូជាដើមជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដែលពលរដ្ឋនៅទីណាៗ ក៏អាចមើលឃើញពីការ ផ្សព្វផ្សាយ បានយ៉ាងងាយស្រួល ។ ដូច្នេះ ការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយ បែបថ្មីបានធ្វើឱ្យ ចំណីអាហារប្រពៃណី ដែលយើងឃើញរាល់ថ្ងៃ«រស់»ឡើងវិញ ។

ទីបួនគឺដោយសារតម្លៃថោកសមរម្យ និងភាពរួសរាយរាក់ទាក់របស់ពលរដ្ឋក្នុងតំបន់ ។ «បានល្បីក៏ឡើងថ្លៃ» នេះជាការឆក់ឱកាសរបស់អាជីវករមួយចំនួន ប៉ុន្តែសម្រាប់«សាច់អាំង ជឺប៉» គឺលក់ក្នុងតម្លៃ ដូចពេលធម្មតា បើទោះបីជាមានភ្ញៀវកើនឡើងយ៉ាងគំហុកក្តី ។ ម៉្យាងវិញទៀត ភាពរួសរាយរាក់ទាក់ របស់ម្ចាស់ហាង និងអ្នកខេត្ត សានទុង ក៏ជាកត្តាសំខាន់ដែលនាំឱ្យ«សាច់អាំង ជឺប៉» ល្បីឈ្មោះផងដែរ ពោលគឺការទទួលទាន សាច់អាំងក្នុងហាង ដែលប្រកបដោយបរិយាកាសរាក់ទាក់ សប្បាយរីករាយ ហាក់បីដូចជាការទទួលទាន អាហារជាមួយសាច់ញាតិនិងមិត្តភក្តិ បានបន្សល់ទុកនូវចំណាប់ អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវដែលធ្វើដំណើរទៅពីខេត្ត-ក្រុងផ្សេងៗ ដូចពាក្យចិនមួយឃ្លាពោលថា «មនោសញ្ចេតនាក្នុងជីវភាពធម្មតា អាចលួងចិត្តជនសាមញ្ញបំផុត» ។

ក្រៅពី«សាច់អាំង ជឺប៉» នាពេលថ្មីៗកន្លងទៅនេះ «អាហារស្រុសហឹរ»( Spicy Hot Pot ) នៅក្រុង ធានសួយ ខេត្ត កានស៊ូ ដែលជាអាហារសម្រន់ មានប្រភពពីខេត្ត ស៊ឺឈួន ក៏ស្រាប់តែទាក់ទាញចំណាប់អារម្មណ៍ របស់មហាជនទូទាំងប្រទេសផងដែរ ។ ពលរដ្ឋដែលមកពីតំបន់នានាទូទាំងប្រទេសចិន បូករួមទាំងជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសចិនផង បាននាំគ្នាទៅដើរកម្សន្តនិងភ្លក់រសជាតិ «អាហារស្រុសហឹរ»នៅក្រុង ធានសួយ ។

«ចំណីអាហារមួយមុខ ល្បីមួយតំបន់» ការលើកតម្កើងវប្បធម៌ ហូបចុកក្នុងតំបន់ ដើម្បីធ្វើឱ្យវាមានប្រជាប្រិយភាពខ្លាំងឡើងវិញ មិនត្រឹមតែមានអំណោយ ផលដល់វិស័យហូបចុកប៉ុណ្ណោះទេ ក៏មានអំណោយផល ដល់វិស័យទេសចរណ៍ផងដែរ តួយ៉ាងដូចជាករណីដែល «សាច់អាំង ជឺប៉»និង«អាហារស្រុសហឹរ ធានសួយ»ល្បីពេញមួយប្រទេស ក៏បានទាក់ទាញទេសចរ ជាច្រើន ពិសេសយុវជនឱ្យទៅទីនោះ ដើម្បីភ្លក់រសជាតិដើមនៃចំណី អាហារពិសេសដែលល្បី តាមបណ្តាញទំនាក់ទំនងសង្គមផង និងធ្វើដំណើរកម្សាន្តផង ។
ការអភិរក្សនិងការច្នៃ ប្រឌិតថ្មីវាមិនផ្ទុយគ្នាទេ របស់ប្រពៃណី ដែលល្អផូរផង់យើងត្រូវអភិរក្សឱ្យបានគង់រង្ស ហើយក្នុងដំណើរការអភិរក្ស គួរបញ្ចូលនូវការ ច្នៃប្រឌិតថ្មី ដើម្បីឱ្យរបស់ប្រពៃណីមានកម្លាំង ជីវិតថ្មី និងមុខមាត់ថ្មី ដែលកាន់តែអាចស្តែងពីភាព ជឿជាក់លើខ្លួនឯងខាងវប្បធម៌ របស់ប្រជាជាតិមួយ ព្រមទាំងឈានដល់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណី ឱ្យបានស្ថិតស្ថេរគង់វង្សនិងមានភាពត្រចះត្រចង់ ដោយពិតប្រាកដ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top