តេអេរ៉ង់៖ ប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស លោក Ismail Haniyeh បានឲ្យដឹងថា ភាពឯកោផ្នែកនយោបាយរបស់អ៊ីស្រាអែល គឺជាក់ស្តែងនៅក្នុងដំណោះស្រាយ ដែលបានអនុម័តមួយថ្ងៃមុន ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដែលទាមទារបទឈប់បាញ់ជាបន្ទាន់នៅក្នុង នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។
លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់។
លោកបានលើកឡើងថា “ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ គឺបង្ហាញពីភាពឯកោផ្នែកនយោបាយ ដែលមិនធ្លាប់ មានពីមុនមក របស់អ៊ីស្រាអែល ហើយសហរដ្ឋអាមេរិកក៏លែងមានឆន្ទៈ និងសមត្ថភាពក្នុងការដាក់ការ ទាមទាររបស់ខ្លួន លើសហគមន៍អន្តរជាតិទៀតហើយ។ ទាំងនេះបង្ហាញពីការតស៊ូ ដែលមិនអាចប្រៀបផ្ទឹមបាននៃការតស៊ូអ៊ីស្លាម និងប្រជាជនប៉ាឡេស្ទីន”។
មេដឹកនាំក្រុមហាម៉ាសរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាមានការ ចំណាយច្រើនក៏ដោយ អ៊ីស្រាអែលបានបរាជ័យ ក្នុងការសម្រេចបាននូវ គោលបំណងយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ហើយ “កំពុងបាត់បង់ការគាំទ្រផ្នែកនយោបាយ និងអន្តរជាតិ”។
សេចក្តីសម្រេចចិត្តនេះ ទទួលបានសំឡេងគាំទ្រ ១៤ សំឡេងក្នុងចំណោមសមាជិកទាំង ១៥ នៃ UNSC។ សហរដ្ឋអាមេរិក ដែលពីមុនបានវេតូ លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ ដែលនឹងអំពាវនាវ ឬទាមទារបទឈប់បាញ់នៅហ្គាហ្សា បានបដិសេធកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យវាអាចទៅរួច សម្រាប់ដំណោះស្រាយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា