ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍កំពូលរបស់អង់គ្លេសថា កងទ័ពអង់គ្លេសនឹងមានរយៈពេលតែពីរខែប៉ុណ្ណោះ ក្នុងការប្រឆាំងនឹងរុស្ស៊ី

បរទេស៖ កងកម្លាំងប្រដាប់អាវុធអង់គ្លេសមិនបានត្រៀម ខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាដ៏មានសក្ដានុពលជាមួយសត្រូវដូចជារុស្ស៊ីនោះទេ, នេះបើតាមអគ្គមេបញ្ជាការរងនៃបុគ្គលិកការពារជាតិអង់គ្លេស ឧត្តមសេនីយ៍ឯក Robert Magowan បានប្រាប់គណៈកម្មាធិការការពារសភាកាលពីថ្ងៃអង្គារ។ លោកជឿថា យោធាខ្វះធនធានជាពិសេសគ្រាប់រំសេវ សម្រាប់ជម្លោះបែបនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឧត្តមសេនីយ៍ Magowan បាននិយាយថា ចំនួនប្រាក់ដែលរដ្ឋាភិបាលចំណាយលើគ្រាប់រំសេវ ទោះបីជា “សំខាន់” នៅតែ “មិនឆ្លើយតបនឹងការគំរាមកំហែងដែលយើងប្រឈមមុខ” ដោយបន្ថែមថា យោធានឹងត្រូវគ្រប់គ្រង “ហានិភ័យប្រតិបត្តិការ” ដែលទាក់ទងនឹងកង្វះធនធាន។

នៅពេលដែលមានការសង្កត់បន្ថែមទៀតដោយសមាជិកសភា Mark Francois អតីតរដ្ឋមន្ត្រីក្រសួងរដ្ឋសម្រាប់កងកម្លាំងប្រដាប់អាវុធ អំពីឱកាសនៃការទប់ទល់នឹងរុស្ស៊ី ឧត្តមសេនីយ៍បានលើកឡើងថា កងកម្លាំងអង់គ្លេសនឹងមានរយៈពេលមិនយូរជាង “ពីរបីខែនោះទេ នៅក្នុងសង្គ្រាមបាញ់ប្រហារគ្នាពេញលេញ ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Chapps ដែលបានបង្ហាញខ្លួននៅចំពោះមុខសមាជិកសភាកាលពីថ្ងៃអង្គារបានអះអាងថា គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះទេ ចាប់តាំងពីចក្រភពអង់គ្លេសទំនងជាមិនត្រូវប្រឈមមុខជាមួយរុស្ស៊ីតែម្នាក់ឯងនោះទេ។ លោកបានថ្លែងថា «វាជារឿងសំខាន់ក្នុងការយល់ថា ដោយសារយើងនៅក្នុងអង្គការណាតូ… យើងនឹងមិនស្ថិតក្នុងស្ថានភាពនោះទេ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top