មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មភាពរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ គឺផ្តោតលើការរៀបចំសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នាដ៏មានសក្តានុពលជាមួយរុស្ស៊ី ដោយលើកឡើងពីសកម្មភាពយោធានៅក្នុងតំបន់។
កន្លងមកអាជ្ញាធររ៉ូម៉ានី បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេក្នុងការវិនិយោគ ២,៥ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារអាមេរិក) ក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ក្នុងតំបន់ Constanta County។
ក្រសួងបានឲ្យដឆងថា មូលដ្ឋាននេះគ្រោងនឹងពង្រីកទៅជាទីក្រុងយោធា ដែលមានសមត្ថភាពផ្ទុកក្រុមគ្រួសាររបស់បុគ្គលិកយោធាចំនួន ១០,០០០នាក់ ជាមួយនឹងផែនការបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង។
ការសាងសង់បានចាប់ផ្តើមនៅភាគខាងត្បូងនៃទីក្រុងយោធានាពេលអនាគត ដែលផ្លូវចូល និងបណ្តាញអគ្គិសនីដ៏រឹងមាំកំពុងត្រូវបានសាងសង់។ ការធ្វើទំនើបកម្មនៃមូលដ្ឋានទ័ពអាកាសអាចធ្វើឱ្យវាក្លាយជាមូលដ្ឋានដ៏ធំបំផុតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅអឺរ៉ុបនៅឆ្នាំ២០៤០ ដោយយោធាសហរដ្ឋអាមេរិក បានប្រើប្រាស់មូលដ្ឋាននេះតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឆងថា “ការពង្រីកមូលដ្ឋានទ័ពអាកាសរ៉ូម៉ានី គឺជាភស្តុតាងមួយទៀត ដែលថាប្លុកអាត្លង់ទិកខាងជើង នៅតែបន្តការធ្វើយោធាដោយមិនមានការអត់ធ្មត់របស់ខ្លួននៃអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ”។
ក្រសួងបានបន្ថែមថា “ការពង្រឹងសមត្ថភាពចម្រុះដោយបង្ខំក៏កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសប៉ូឡូញ និងបាល់ទិកផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងទៀតថា “សកម្មភាពបែបនេះរបស់សមាជិកណាតូ គឺជាការបង្កហេតុ ធ្វើឱ្យភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងនៅតាមព្រំដែនរបស់យើង និងបង្កើតការគំរាមកំហែងផ្នែកសន្តិសុខបន្ថែមដល់ប្រទេសរុស្ស៊ី។ ទាំងអស់នេះមានគោលបំណងរៀបចំសម្ព័ន្ធមិត្តរបស់ប្លុកសម្រាប់ការប៉ះទង្គិច ដែលអាចកើតមានជាមួយប្រទេសរបស់យើង”៕
ប្រែសម្រួល ឈូក បូរ៉ា