ព័ត៌មានអន្តរជាតិ

ប្រមុខ​យោធា​អូស្ត្រាលី សុំទោស​ចំពោះ​ការ​បរាជ័យ​ ​ក្នុង​ការ​គាំទ្រ​អតីត​យុទ្ធជន

Lukas Coch/AAP PHOTOS

កង់បេរ៉ា៖ ប្រមុខនៃកងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានសុំទោសដល់អតីតយុទ្ធជន ចំពោះកង្វះប្រព័ន្ធគាំទ្រ និងការថែទាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការផ្តល់ភ័ស្តុតាងនៅថ្ងៃចុងក្រោយនៃសវនាការសាធារណៈ សម្រាប់គណៈកម្មការ Royal Commission into Defense and Veteran Suicide នៅថ្ងៃព្រហស្បតិ៍នេះ ប្រធាន ADF លោក Angus Campbell បានទទួលស្គាល់ការបរាជ័យក្នុងការគាំទ្រសមាជិកបច្ចុប្បន្ន និងអតីតយោធា។

លោកបានលើកឡើងថា “ប្រជាជនរបស់យើងសមនឹងទទួលបាន និងគួររំពឹងយ៉ាងត្រឹមត្រូវនូវការគាំទ្រ និងការថែទាំសុខុមាលភាព ដែលពួកគេត្រូវការទាំងអំឡុងពេល និងបន្ទាប់ពីការបម្រើរបស់ពួកគេ”។

“ខ្ញុំទទួលស្គាល់ថា វាមិនតែងតែជាករណីនេះទេ ហើយបាននាំឱ្យមានសោកនាដកម្ម ដល់ការស្លាប់ដោយការធ្វើអត្តឃាតរបស់មនុស្សមួយចំនួនរបស់យើង។ ខ្ញុំសូមអភ័យទោសដោយឥតលាក់លៀមចំពោះភាពខ្វះខាតទាំងនេះ”។

លោក Campbell បានកោតសរសើរ ចំពោះភាពក្លាហានរបស់មនុស្ស ដែលបានចេញមុខផ្តល់ភស្តុតាងដល់ការស៊ើបអង្កេត ហើយបានលើកឡើងថា ADF ប្តេជ្ញាធ្វើឱ្យកាន់តែប្រសើរឡើង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top