ព័ត៌មានអន្តរជាតិ

រុស្ស៊ី វេតូ​លើ​សេចក្តីព្រាង ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ​អង្គការសហប្រជាជាតិ ស្តីពី​កូរ៉េខាងជើង

Xinhua

យូអិន៖ ប្រទេសរុស្ស៊ី បានធ្វើការវេតូលើសេចក្តីព្រាង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (យូអិន) ដែលពង្រីកអាណត្តិនៃក្រុមអ្នកជំនាញ ដែលជួយដល់គណៈកម្មាធិការ ដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង។

សេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិកបានទទួលការគាំទ្រពីសមាជិក ១៣ ក្នុងចំណោមសមាជិក ១៥ នៃក្រុមប្រឹក្សាសន្តិសុខ ដោយប្រទេសរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងវា។

សេចក្តីព្រាងសេចក្តីសម្រេច នឹងបន្តអាណត្តិរបស់ក្រុមប្រឹក្សាអ្នកជំនាញរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំ នៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានឲ្យដឹងមុនពេលបោះឆ្នោតថា ក្រុមប្រឹក្សាអ្នកជំនាញមិនមាន តម្លៃបន្ថែមនោះទេ។

លោកបានលើកឡើងថា “ការងាររបស់ក្រុមប្រឹក្សាត្រូវបានកាត់បន្ថយទៅលេងជាមួយវិធីសាស្រ្តរបស់លោកខាងលិច ចម្លងព័ត៌មានលំអៀង វិភាគចំណងជើងកាសែត និងរូបថតដែលមានគុណភាពទាប” ។

លោកបន្ដថា “ក្នុងការធ្វើដូច្នេះ គណៈកម្មាការបានថ្លែង សក្ខីកម្មយ៉ាងមានប្រសិទ្ធភាព ចំពោះអសមត្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការវាយតម្លៃ ប្រកបដោយសុវតិ្ថភាព នៃរបបដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង ។ គណៈកម្មាធិការ បានដោះស្រាយលើបញ្ហាមិនសំខាន់ ដែលមិនសមហេតុផល ចំពោះបញ្ហានៃឧបទ្វីបកូរ៉េ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top