បាងកក៖ នៅថ្ងៃសុក្រនេះ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា រដ្ឋាភិបាលថៃ កំពុងពិចារណា លើសេចក្តីព្រាងច្បាប់ ស្តីពីការបើកកាស៊ីណូ ហើយប្រសិនបើ អនុម័តដោយសភា វានឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន និងអនុញ្ញាតឱ្យបង្កើត គម្រោងកម្សាន្តដ៏ធំផងដែរ ។
កាស៊ីណូ គឺខុសច្បាប់នៅក្នុងប្រទេសថៃឡង់ដ៏ ហើយការលេងល្បែងតែមួយគត់ ដែលត្រូវបានអនុញ្ញាត គឺនៅលើការប្រណាំងសេះ ដែលគ្រប់គ្រងដោយរដ្ឋ និងល្បែងឆ្នោត ទោះបីជាការលេងល្បែងខុសច្បាប់ ជារឿងធម្មតាក៏ដោយ ជាមួយនឹងកាស៊ីណូនៅក្រោមដី និងការភ្នាល់បាល់ទាត់ មានការកើនឡើង ។
ប្រទេសសេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍មួយនេះកំពុងពិចារណាអនុញ្ញាតឱ្យមានការបើកកាស៊ីណូជាមធ្យោបាយមួយផ្សេងទៀតក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍ ។ នេះបើយោងតាមការសិក្សា នៅក្នុងសភាដែលត្រូវបានអនុម័ត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
មនុស្សជាច្រើននៅក្នុង ឧស្សាហកម្មនេះ ជឿជាក់ថា ទីផ្សារកាស៊ីណូស្របច្បាប់ ក្នុងប្រទេសថៃឡង់ដ៏ នឹងទទួលបាន ជោគជ័យយ៉ាងធំធេង ក្នុងការទាក់ទាញ អ្នកទស្សនាក្រៅប្រទេស ដោយផ្តល់នូវការប្រកួតប្រជែង ខ្លាំងសម្រាប់ មជ្ឈមណ្ឌលល្បែង ស៊ីសងដ៏ធំបំផុត របស់ពិភពលោក ដែលមាន ម៉ាកាវ ជាកន្លែងតែមួយគត់ នៅក្នុងប្រទេសចិន ដែលប្រជាពលរដ្ឋអាចលេងល្បែង ស៊ីសងដោយស្របច្បាប់ នៅក្នុងកាស៊ីណូ ។
លោកបានថ្លែងថា “យើងអាចគ្រប់គ្រង សេដ្ឋកិច្ចពណ៌ប្រផេះ និងប្រមូលពន្ធ… យើងមិនចង់លើកកម្ពស់ការ លេងល្បែងស៊ីសងនោះទេ ប៉ុន្តែចង់គ្រប់គ្រងវា និងប្រើប្រាស់ការវិនិយោគ ដើម្បីបង្កើតការងារ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា